លូកា 22:36-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ​វិញ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម នោះ​ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ក៏​ឲ្យ​អ្នក​នោះ​លក់​អាវ​ខ្លួន​ទៅ​ទិញ​មួយ​មក

37. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​នេះ ដែល​បាន​ចែង​ទុក​មក​ថា «គេ​បាន​រាប់​ទ្រង់ ជា​ពួក​ទទឹង​ច្បាប់» នោះ​ត្រូវ​សំរេច​លើ​ខ្លួន​ខ្ញុំ ដ្បិត​គ្រប់​សេចក្ដី​ដែល​ដំរូវ​មក​ខ្ញុំ ត្រូវ​តែ​បាន​សំរេច​ទាំង​អស់

38. រួច​គេ​ទូល​ថា ព្រះ‌អម្ចាស់​អើយ មើល នេះ​មាន​ដាវ​២​ហើយ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា អើ ល្មម​ហើយ។

39. កាល​ទ្រង់​យាង​ចេញ​ទៅ នោះ​ទ្រង់​ទៅ​ឯ​ភ្នំ​ដើម​អូលីវ តាម​ទំលាប់ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ

40. លុះ​ដល់​កន្លែង​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​ឲ្យ​ត្រូវ​សេចក្ដី​ល្បួង​ឡើយ

41. រួច​ទ្រង់​ថយ​ចេញ​ពី​គេ​ទៅ ចំងាយ​ទី​ប្រហែល​ជា​គេ​ចោល​ថ្ម​១​ទំហឹង​ដៃ ក៏​លុត​ព្រះ‌ជង្ឃ​ក្រាប​ចុះ​អធិស្ឋាន​ថា

42. ឱ​ព្រះ‌វរ‌បិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​វិញ

43. នោះ​មាន​ទេវតា​លេច​មក​ឯ​ទ្រង់​អំពី​ស្ថាន‌សួគ៌ មក​ចំរើន​កំឡាំង​ថ្វាយ

44. ហើយ​ដោយ​ទ្រង់​កើត​ទុក្ខ​ជា​ខ្លាំង បាន​ជា​ទ្រង់​អធិស្ឋាន​ទទូច​រឹត​តែ​ខ្លាំង​ឡើង ញើស​ទ្រង់​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ ស្រក់​ទៅ​ដី

លូកា 22