18. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់នគរព្រះបានមកដល់
19. រួចទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយព្រះបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ
20. ក្រោយដែលបានបរិភោគហើយ នោះទ្រង់យកពែងមកធ្វើបែបដូច្នោះដែរ ដោយព្រះបន្ទូលថា ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា
21. មួយទៀត មើល ដៃនៃអ្នកដែលបញ្ជូនខ្ញុំ ក៏នៅតុជាមួយនឹងខ្ញុំដែរ
22. កូនមនុស្សត្រូវទៅមែន តាមសេចក្ដីដែលសំរេចមក ប៉ុន្តែ វេទនាដល់មនុស្សនោះ ដែលបញ្ជូនខ្ញុំទៅ
23. នោះគេចាប់តាំងសួរគ្នាទៅវិញទៅមក ពីអ្នកណាក្នុងពួកគេ ដែលនឹងធ្វើការនោះ។
24. គេក៏កើតមានសេចក្ដីទាស់ទែងគ្នា អំពីអ្នកណាដែលរាប់ជាធំជាងគេ
25. តែទ្រង់មានព្រះបន្ទូលថា អស់ទាំងស្តេចនៃសាសន៍ដទៃ គេតែងសោយរាជ្យលើបណ្តារាស្ត្រ ហើយបណ្តាជនហៅពួកអ្នកមានអំណាចលើគេ ថាជាអ្នកមានគុណដែរ
26. ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ ឯអ្នកណាដែលធំជាងគេ ក្នុងពួកអ្នករាល់គ្នា នោះត្រូវប្រព្រឹត្តដូចជាតូចជាងគេវិញ ហើយអ្នកណាដែលនាំមុខគេ នោះដូចជាអ្នកបំរើដែរ
27. ដ្បិតតើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបំរើ តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬអី ប៉ុន្តែ ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ
28. ឯអ្នករាល់គ្នា គឺជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្ដីល្បងលខ្ញុំ