29. កាលណោះ មានមនុស្សប្រជុំគ្នាតាន់តាប់ជាខ្លាំង ហើយទ្រង់ចាប់តាំងមានព្រះបន្ទូលថា មនុស្សដំណនេះអាក្រក់ណាស់ គេរកតែទីសំគាល់ទេ តែគ្មានទីសំគាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសំគាល់នៃហោរាយ៉ូណាសឡើយ
30. ពីព្រោះ ដូចជាលោកយ៉ូណាសជាទីសំគាល់ដល់មនុស្សនៅក្រុងនីនីវេយ៉ាងណា នោះកូនមនុស្សក៏នឹងបានជាទីសំគាល់ ដល់មនុស្សដំណនេះយ៉ាងដូច្នោះដែរ
31. នៅថ្ងៃជំនុំជំរះ មហាក្សត្រីស្រុកខាងត្បូង នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះហ្លួងសាឡូម៉ូន ហើយមើលនៅទីនេះមាន១អង្គដ៏វិសេសលើសជាងហ្លួងសាឡូម៉ូនទៅទៀត
32. នៅថ្ងៃជំនុំជំរះ មនុស្សនៅក្រុងនីនីវេ នឹងឈរឡើងជំនុំជំរះមនុស្សដំណនេះ ហើយនឹងកាត់ទោសឲ្យផង ពីព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើលនៅទីនេះមាន១អង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត។
33. គ្មានអ្នកណាដែលអុជចង្កៀង យកទៅដាក់នៅទីកំបាំង ឬគ្របនឹងថាំងឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូល បានឃើញពន្លឺភ្លឺ
34. ឯចង្កៀងរូបកាយ គឺជាភ្នែក ដូច្នេះ កាលណាភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺដែរ តែកាលណាភ្នែកអាក្រក់ នោះរូបកាយអ្នកនឹងងងឹតវិញ
35. ដូច្នេះ ចូរប្រយ័ត្ន ក្រែងពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្ដីងងឹតវិញ
36. បើសិនជារូបកាយអ្នកទាំងមូលបានភ្លឺ ឥតមានងងឹតត្រង់ណាសោះ នោះនឹងបានភ្លឺទាំងអស់ ដូចកាលចង្កៀងបំភ្លឺអ្នកដែរ។
37. កាលទ្រង់កំពុងតែមានព្រះបន្ទូលនៅឡើយ នោះមានពួកផារីស៊ីម្នាក់ ទូលសូមទ្រង់ឲ្យយាងទៅសោយជាមួយ ទ្រង់ក៏យាងចូលទៅគង់នៅតុ
38. កាលអ្នកផារីស៊ីនោះបានឃើញ ក៏នឹកប្លែកណាស់ ដែលទ្រង់មិនបានលាងព្រះហស្តមុននឹងសោយ