51. ទ្រង់បានសំដែងឫទ្ធិ ដោយព្រះហស្តទ្រង់ ព្រមទាំងកំចាត់កំចាយមនុស្សអំនួត ដោយសារគំនិតដែលនៅក្នុងចិត្តខ្លួនគេ
52. ទាំងទំលាក់ស្តេចពីបល្ល័ង្កចេញ ហើយលើកមនុស្សរាបសាឡើងវិញ
53. ឯមនុស្សឃ្លាន ទ្រង់បានចំអែតដោយរបស់ល្អ តែពួកអ្នកមាន ទ្រង់បានបណ្តេញឲ្យទៅទទេវិញ
54. ទ្រង់បានជួយអ៊ីស្រាអែល ជាអ្នកបំរើទ្រង់ ឲ្យបាននឹកចាំពីសេចក្ដីមេត្តាករុណាទ្រង់
55. ដូចជាទ្រង់មានព្រះបន្ទូលនឹងពួកអយ្យកោយើង គឺនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោកជារៀងរាបដរាបតមក
56. ម៉ារាក៏នៅជាមួយនឹងអេលីសាបិត ប្រហែលជា៣ខែ ទើបត្រឡប់ទៅផ្ទះខ្លួនវិញ។
57. រីឯពេលដែលអេលីសាបិត ត្រូវសំរាលកូន ក៏មកដល់ ហើយនាងសំរាលបានកូនប្រុស
58. ចំណែកពួកអ្នកជិតខាង និងញាតិសន្តានគាត់ទាំងប៉ុន្មានក៏ឮថា ព្រះអម្ចាស់បានចំរើនសេចក្ដីមេត្តាករុណាដល់គាត់ ហើយគេមានសេចក្ដីរីករាយអរសប្បាយជាមួយនឹងគាត់
59. ដល់ថ្ងៃទី៨ គេមកដើម្បីកាត់ស្បែកទារកនោះ ក៏ឲ្យឈ្មោះថា សាការី តាមឈ្មោះឪពុក
60. តែម្តាយឆ្លើយឡើងថា ទេ ត្រូវឲ្យឈ្មោះ យ៉ូហាន វិញ