19. តើអ្នកនេះជាកូនរបស់អ្នក ដែលអ្នកថា បានកើតមកខ្វាក់នោះឬអី ចុះឥឡូវនេះ ធ្វើដូចម្តេចបានជាវាភ្លឺឡើងវិញ
20. ឪពុកម្តាយគាត់ឆ្លើយថា យើងខ្ញុំដឹងថា នេះជាកូនយើងខ្ញុំពិត ហើយថា វាកើតមកខ្វាក់មែន
21. តែឥឡូវនេះ ដែលវាភ្លឺជាយ៉ាងដូចម្តេច នោះយើងខ្ញុំមិនដឹងទេ ក៏មិនដឹងជាអ្នកណាបានធ្វើឲ្យភ្លឺផងដែរ វាពេញអាយុហើយ សូមសួរវាចុះ វានឹងជំរាបពីដំណើរខ្លួនវា
22. ឪពុកម្តាយគាត់និយាយដូច្នេះ ព្រោះខ្លាចសាសន៍យូដា ដ្បិតពួកសាសន៍យូដាបានព្រមព្រៀងគ្នាហើយ ថាបើអ្នកណានឹងទទួលទ្រង់ទុកជាព្រះគ្រីស្ទ នោះត្រូវកាត់ពីពួកជំនុំគេចេញ
23. ហេតុនោះបានជាឪពុកម្តាយគាត់និយាយថា វាពេញអាយុហើយ សូមសួរវាចុះ។
24. គេក៏ហៅមនុស្សដែលពីដើមខ្វាក់នោះ មកម្តងទៀតប្រាប់ថា ចូរសរសើរដំកើងដល់ព្រះវិញ ឯមនុស្សនោះ យើងដឹងថាជាអ្នកមានបាបទេ
25. គាត់ឆ្លើយទៅថា បើលោកជាមនុស្សមានបាប នោះខ្ញុំមិនដឹងទេ ខ្ញុំដឹងតែប៉ុណ្ណេះថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះខ្ញុំមើលឃើញ
26. នោះគេសួរគាត់ម្តងទៀតថា អ្នកនោះបានធ្វើអ្វីដល់ឯង តើបានធ្វើដូចម្តេចខ្លះ ឲ្យភ្នែកឯងភ្លឺឡើង
27. គាត់ឆ្លើយថា ខ្ញុំបានជំរាបហើយ តែលោកមិនស្តាប់ ហេតុអ្វីបានជាចង់ស្តាប់ម្តងទៀត តើលោកចង់ធ្វើជាសិស្សរបស់លោកនោះដែរឬអី
28. នោះគេដៀលត្មះគាត់ថា គឺឯងជាសិស្សអ្នកនោះហើយ ឯយើង ជាសិស្សរបស់លោកម៉ូសេវិញ
29. យើងដឹងថា ព្រះបានមានព្រះបន្ទូលនឹងលោកម៉ូសេពិត តែអ្នកនោះ យើងមិនដឹងជាមកពីណាទេ
30. មនុស្សនោះឆ្លើយថា នេះចំឡែកណាស់មែន លោករាល់គ្នាមិនដឹងជាលោកនោះមកពីណា ដែលលោកបានធ្វើឲ្យភ្នែកខ្ញុំភ្លឺផង
31. យើងខ្ញុំដឹងថា ព្រះមិនស្តាប់តាមមនុស្សមានបាបទេ ប៉ុន្តែ បើអ្នកណាកោតខ្លាចដល់ព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ទើបទ្រង់នឹងស្តាប់តាមអ្នកនោះឯង
32. ចាប់តាំងពីអស់កល្បរៀងមក មិនដែលឮនិយាយពីអ្នកណាដែលធ្វើឲ្យភ្នែកភ្លឺបានទេ