យ៉ូហាន 7:32-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. ឯ​ពួក​ផារិ‌ស៊ី ក៏​ឮ​គេ​ខ្សឹប‌ខ្សៀវ​រឿង​ទាំង​នេះ​ពី​ទ្រង់ រួច​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី គេ​ចាត់​ពួក​អាជ្ញា​ឲ្យ​ទៅ​ចាប់​ទ្រង់

33. ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ រួច​ខ្ញុំ​ទៅ​ឯ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ

34. អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ

35. នោះ​ពួក​សាសន៍​យូដា​និយាយ​គ្នា​គេ​ថា តើ​អ្នក​នេះ​គិត​ទៅ​ឯ​ណា ដែល​យើង​នឹង​រក​មិន​ឃើញ តើ​គិត​ទៅ​ឯ​ពួក​អ្នក​ខ្ចាត់​ខ្ចាយ នៅ​ក្នុង​សាសន៍​ក្រេក ដើម្បី​នឹង​បង្រៀន​ដល់​សាសន៍​នោះ​ឬ​អី

36. ពាក្យ​ដែល​គាត់​ថា «អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ» ហើយ​ថា «កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ» នេះ​តើ​មាន​ន័យ​ដូច​ម្តេច។

37. នៅ​ថ្ងៃ​ក្រោយ​បង្អស់ ជា​ថ្ងៃ​បុណ្យ​យ៉ាង​សំខាន់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​បន្លឺ‌ឧទាន​ប្រកាស​ឡើង​ថា បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ

យ៉ូហាន 7