11. រួចព្រះយេស៊ូវទ្រង់យកនំបុ័ងនោះអរព្រះគុណ រួចចែកទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ បានចែកទាំងត្រីតូចនោះបែបដូច្នោះដែរ តាមតែគេចង់បាន
12. លុះគេបានឆ្អែតគ្រប់គ្នាហើយ នោះទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរប្រមូលចំណិតដែលសល់នៅ ដើម្បីកុំឲ្យបាត់អ្វីឡើយ
13. ក្រោយដែលបរិភោគរួចហើយ នោះគេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពី៥ដុំនោះ ដាក់ពេញបាន១២កន្ត្រក
14. កាលមនុស្សទាំងប៉ុន្មានបានឃើញទីសំគាល់ ដែលព្រះយេស៊ូវធ្វើនោះ គេក៏និយាយថា លោកនេះប្រាកដជាហោរានោះ ដែលត្រូវមកក្នុងលោកីយ៍មែន
15. ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំ តែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំង ដើម្បីនឹងតាំងឡើងជាស្តេច។
16. លុះព្រលប់ហើយ ពួកសិស្សទ្រង់ចុះទៅឯសមុទ្រ
17. ក៏ចុះទូកឆ្លងទៅកាពើណិម ពេលនោះងងឹតហើយ តែព្រះយេស៊ូវមិនទាន់មកដល់នៅឡើយ
18. សមុទ្រក៏មានរលក បោកដោយខ្យល់បក់ជាខ្លាំង
19. កាលគេបានចែវទៅប្រហែលជា៥ ឬ៦គីឡូម៉ែត្រហើយ នោះស្រាប់តែគេឃើញព្រះយេស៊ូវ ទ្រង់យាងលើសមុទ្រមកជិតទូក ហើយគេមានសេចក្តីភ័យខ្លាច
20. តែទ្រង់មានព្រះបន្ទូលថា កុំភ័យអី គឺខ្ញុំទេតើ
21. នោះគេក៏ព្រមទទួលទ្រង់ មកក្នុងទូក ស្រាប់តែទូកបានដល់ស្រុកដែលគេប៉ងនឹងទៅ។
22. ស្អែកឡើង កាលហ្វូងមនុស្ស ដែលនៅត្រើយសមុទ្រម្ខាង បានឃើញថា នៅទីនោះគ្មានទូកណាទៀត ក្រៅពីទូក១ ដែលពួកសិស្សទ្រង់បានជិះ ហើយថា ព្រះយេស៊ូវមិនបានជិះទូកនោះ ទៅជាមួយនឹងពួកសិស្សទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ
23. (ប៉ុន្តែមានទូកខ្លះទៀត មកពីស្រុកទីបេរាស ជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយដែលព្រះអម្ចាស់បានអរព្រះគុណរួចហើយ)
24. ដូច្នេះ កាលហ្វូងមនុស្សមិនឃើញព្រះយេស៊ូវ ឬពួកសិស្សទ្រង់នៅទីនោះ គេក៏ជិះទូកទៅឯកាពើណិម ដើម្បីនឹងរកទ្រង់