យ៉ូហាន 5:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ដែល​ឈឺ​៣៨​ឆ្នាំ​មក​ហើយ

6. កាល​ព្រះ‌យេស៊ូវ​ឃើញ​គាត់​ដេក​នៅ ហើយ​បាន​ជ្រាប​ថា គាត់​នៅ​យ៉ាង​នោះ​ជា​យូរ​មក​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​ចង់​បាន​ជា​ឬ​ទេ

7. អ្នក​ជំងឺ​នោះ​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ ខ្ញុំ​គ្មាន​អ្នក​ណា​នឹង​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ ក្នុង​កាល​ដែល​ទឹក​បាន​កំរើក​ឡើង​នោះ​ទេ ហើយ​កំពុង​ដែល​ខ្ញុំ​ចុះ​ទៅ នោះ​ក៏​មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ

8. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ

9. ស្រាប់​តែ​អ្នក​នោះ​បាន​ជា​ភ្លាម ក៏​យក​គ្រែ​ដើរ​ទៅ ឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​ឈប់​សំរាក

10. ដូច្នេះ ពួក​សាសន៍​យូដា គេ​ស្តី​ឲ្យ​អ្នក​ដែល​បាន​ជា​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់​សំរាក អ្នក​គ្មាន​ច្បាប់​នឹង​លី​គ្រែ​ទៅ​ទេ

11. គាត់​ឆ្លើយ​ទៅ​គេ​ថា លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា លោក​បង្គាប់​ថា ចូរ​យក​គ្រែ​ឯង​ដើរ​ទៅ

12. នោះ​គេ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​យក​គ្រែ​ដើរ​ទៅ​ដូច្នេះ

13. តែ​អ្នក​ដែល​បាន​ជា​មិន​ស្គាល់​ជា​អ្នក​ណា​ទេ ពី​ព្រោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​បាត់​ហើយ ក៏​មាន​មនុស្ស​សន្ធឹក​នៅ​ទី​នោះ​ដែរ

14. ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ថា មើល ឥឡូវ​អ្នក​បាន​ជា​ហើយ កុំ​ឲ្យ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​កើត​មាន​សេចក្តី​អាក្រក់​ជាង​នេះ​ទៅ​ទៀត

15. មនុស្ស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ដល់​ពួក​សាសន៍​យូដា ឲ្យ​ដឹង​ថា​ជា​ព្រះ‌យេស៊ូវ ដែល​ប្រោស​ឲ្យ​ខ្លួន​បាន​ជា

16. ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា គេ​បៀត‌បៀន​ដល់​ព្រះ‌យេស៊ូវ ហើយ​រក​សំឡាប់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​ធ្វើ​ការ​នោះ នៅ​ថ្ងៃ​ឈប់​សំរាក

យ៉ូហាន 5