1. ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្តឡើយ
2. គេនឹងកាត់អ្នករាល់គ្នាចេញពីពួកជំនុំរបស់គេ ក៏នឹងមានពេលវេលាមក នោះអស់អ្នកណា ដែលសំឡាប់អ្នករាល់គ្នា នឹងគិតស្មានថា ខ្លួនបំរើដល់ព្រះដែរ
3. គេនឹងប្រព្រឹត្តការទាំងនោះ ដល់អ្នករាល់គ្នា ដោយព្រោះគេមិនស្គាល់ព្រះវរបិតាឬខ្ញុំទេ
4. តែខ្ញុំនិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលានោះមកដល់ នោះឲ្យអ្នករាល់គ្នាបាននឹកឃើញថា ខ្ញុំប្រាប់ហើយ ខ្ញុំមិនបានប្រាប់កាលពីដើមទេ ពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ។
5. តែឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលចាត់ឲ្យខ្ញុំមក ហើយក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាសួរខ្ញុំថា លោកអញ្ជើញទៅឯណា នោះទេ
6. ប៉ុន្តែ អ្នករាល់គ្នាមានចិត្តពេញដោយសេចក្តីព្រួយ ដោយព្រោះខ្ញុំបានប្រាប់សេចក្តីទាំងនេះ
7. ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក
8. កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្តីសុចរិត ហើយពីសេចក្តីជំនុំជំរះ
9. គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ
10. ពីសេចក្តីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ
11. និងពីសេចក្តីជំនុំជំរះ ដោយព្រោះចៅហ្វាយរបស់លោកីយ៍នេះត្រូវទោសហើយ។
12. ខ្ញុំនៅមានសេចក្តីជាច្រើនទៀត នឹងប្រាប់ដល់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់គ្នាពុំអាចនឹងទទួលបានទេ
13. កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតទ្រង់នឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូល ចំពោះតែសេចក្តីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក
14. ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្តីដែលដំរូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា
15. គ្រប់ទាំងអស់ដែលព្រះវរបិតាមាន នោះជារបស់ផងខ្ញុំដែរ ហេតុនោះបានជាខ្ញុំប្រាប់ថា ទ្រង់នឹងយកសេចក្តីដែលដំរូវពីខ្ញុំ មកប្រាប់អ្នករាល់គ្នា។
16. នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៀត នឹងឃើញខ្ញុំវិញ ដ្បិតខ្ញុំទៅឯព្រះវរបិតា
17. ដូច្នេះ មានពួកសិស្សទ្រង់ខ្លះនិយាយគ្នាថា ពាក្យនេះដែលទ្រង់មានព្រះបន្ទូលមកយើងថា «នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ» ហើយដែលថា «ដ្បិតខ្ញុំទៅឯព្រះវរបិតា» នេះតើមានន័យដូចម្តេច