1. កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយ៍នេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះ ដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយ៍នេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត
2. កំពុងពេលបាយយប់នោះឯង កាលអារក្សបានបញ្ចូលចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យបញ្ជូនទ្រង់ហើយ
3. នោះដោយព្រោះព្រះយេស៊ូវបានជ្រាបថា ព្រះវរបិតាបានប្រគល់ការទាំងអស់មកក្នុងព្រះហស្តទ្រង់ ហើយថា ទ្រង់មកពីព្រះ ក៏ត្រូវទៅឯព្រះវិញ
4. បានជាទ្រង់ក្រោកពីសោយឡើង ដោះព្រះពស្ត្រពេញ រួចយកក្រមាមកក្រវាត់អង្គ
5. ក្រោយនោះទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស ហើយយកក្រមាដែលទ្រង់ក្រវាត់នោះមកជូត
6. កាលទ្រង់មកដល់ស៊ីម៉ូន-ពេត្រុស នោះគាត់ទូលថា ព្រះអម្ចាស់អើយ ទ្រង់លាងជើងឲ្យទូលបង្គំឬ
7. ព្រះយេស៊ូវទ្រង់ឆ្លើយថា ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ
8. ពេត្រុសទូលប្រកែកថា ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ ព្រះយេស៊ូវមានព្រះបន្ទូលថា បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ
9. ស៊ីម៉ូន-ពេត្រុសទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើដូច្នោះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងដល់ទាំងដៃទាំងក្បាលផងចុះ
10. ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា អ្នកដែលងូតទឹកហើយ នោះត្រូវការលាងតែជើងប៉ុណ្ណោះ ឲ្យបានស្អាតទាំងអស់ ឯអ្នករាល់គ្នាក៏បានស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ
11. នេះព្រោះទ្រង់ជ្រាបនូវអ្នកណាដែលនឹងបញ្ជូនទ្រង់ ហេតុនោះបានជាទ្រង់មានព្រះបន្ទូលថា អ្នករាល់គ្នាមិនមែនស្អាតគ្រប់គ្នាទេ។
12. កាលទ្រង់បានលាងជើងគេរួច ហើយបានពាក់ព្រះពស្ត្រទ្រង់វិញ នោះក៏គង់នៅតុ មានព្រះបន្ទូលទៅគេថា តើអ្នករាល់គ្នាយល់ការដែលខ្ញុំទើបនឹងធ្វើនេះឬទេ
13. អ្នករាល់គ្នាហៅខ្ញុំជាលោកគ្រូ ហើយជាព្រះអម្ចាស់ នោះក៏ត្រូវមែន ពីព្រោះគឺខ្ញុំនេះហើយ
14. ដូច្នេះ បើខ្ញុំ ដែលជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើង ឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើង ដល់គ្នានឹងគ្នាដែរ
15. ដ្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ
16. ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បាវមិនមែនធំជាងចៅហ្វាយទេ ហើយអ្នកបំរើក៏មិនធំជាងអ្នកដែលប្រើដែរ
17. បើអ្នករាល់គ្នាដឹងសេចក្តីទាំងនេះ ហើយប្រព្រឹត្តតាម នោះមានពរហើយ
18. ខ្ញុំមិនមែននិយាយពីអ្នករាល់គ្នាទាំងអស់ទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានរើស ប៉ុន្តែបទគម្ពីរដែលថា «អ្នកដែលបរិភោគនំបុ័ង ជាមួយនឹងទូលបង្គំ នោះបានលើកកែងជើង ទាស់នឹងទូលបង្គំវិញ» ពាក្យនោះត្រូវតែបានសំរេច
19. ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីឥឡូវនេះ មុនដែលការនោះកើតមក ដើម្បីកាលណាបានកើតមកដល់ នោះឲ្យអ្នករាល់គ្នាបានជឿថា គឺខ្ញុំនេះហើយ