18. ឯឯងរាល់គ្នា ត្រូវប្រយ័ត្នតែនឹងរបស់ដែលសំរាប់បំផ្លាញ ក្រែងកាលណាឯងញែករបស់ណា ទុកសំរាប់នឹងបំផ្លាញ នោះបែរទៅជាយករបស់ណាមួយនោះចេញវិញ ហើយដូច្នេះនឹងនាំឲ្យពួកអ៊ីស្រាអែលត្រូវបំផ្លាញទាំងអស់គ្នាដែរ ព្រមទាំងមានសេចក្ដីវឹកវរផង
19. ប៉ុន្តែ ឯប្រាក់ និងមាសទាំងប៉ុន្មាន ហើយអស់ទាំងប្រដាប់ប្រដាធ្វើពីលង្ហិន និងដែក នោះជារបស់បរិសុទ្ធដល់ព្រះយេហូវ៉ា ត្រូវនាំយកទាំងអស់ ចូលមកក្នុងឃ្លាំងនៃព្រះយេហូវ៉ាវិញ
20. ដូច្នេះពួកបណ្តាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង គឺកាលពួកបណ្តាជនបានឮសូរត្រែ នោះគេស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ស្រាប់តែកំផែងក៏រលំដួលទៅ ដើម្បីឲ្យពួកបណ្តាជនបានឡើងទៅក្នុងទីក្រុងចំមុខគេរៀងខ្លួន ហើយគេក៏ចាប់យកទីក្រុងនោះទៅ
21. គេបានបំផ្លាញគ្រប់ទាំងអស់ ដែលមាននៅក្នុងក្រុងនោះអស់រលីង គឺទាំងប្រុស ហើយនឹងស្រី ទាំងក្មេង ហើយនឹងចាស់ផង ព្រមទាំងគោ និងចៀម ហើយនឹងលា ទាំងអំបាលម៉ាន ដោយមុខដាវ។