1. យ៉ូស្វេក៏ហៅពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងមក មានប្រសាសន៍ថា
2. ឯងរាល់គ្នាបានកាន់តាមគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ា បានបង្គាប់មកឯងហើយ ក៏បានស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ដែរ
3. ឯងរាល់គ្នាមិនបានចោលបងប្អូនឯង ជាយូរមកហើយ ដរាបដល់សព្វថ្ងៃនេះ គឺបានប្រព្រឹត្តតាមសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ា ជាព្រះនៃឯងវិញ
4. ឥឡូវនេះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានឲ្យបងប្អូនឯងបានសេចក្ដីស្រាកស្រាន្តហើយ ដូចជាទ្រង់បានមានព្រះបន្ទូលនឹងគេ ដូច្នេះចូរវិលទៅឯត្រសាលរបស់ឯងរាល់គ្នា នៅក្នុងស្រុកជាកេរអាកររបស់ឯង ដែលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ាបានចែកឲ្យឯង ខាងនាយទន្លេយ័រដាន់ចុះ
5. ប៉ុន្តែត្រូវប្រយ័ត្នឲ្យអស់ពីចិត្ត និងប្រព្រឹត្តតាមបញ្ញត្ត ហើយនឹងក្រឹត្យវិន័យ ដែលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ា បានបង្គាប់មកឯង ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ទាំងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់ទាំងប៉ុន្មាន ព្រមទាំងតោងទ្រង់ជាប់ ហើយបំរើទ្រង់អស់ពីចិត្ត អស់ពីព្រលឹងឯង