23. បើសិនជាសេចក្តីវេទនាណានាំឲ្យស្លាប់ភ្លាម នោះទ្រង់នឹងសើចឡក ដល់សេចក្តីល្បងលរបស់មនុស្សឥតទោស
24. ផែនដីនេះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ហើយ ទ្រង់ក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាទ្រង់ទេ នោះតើជាអ្នកណាវិញ។
25. ឯថ្ងៃទាំងឡាយនៃអាយុខ្ញុំ នោះលឿនជាងអ្នករត់សំបុត្រ ក៏រត់បាត់ទៅ ឥតដែលឃើញសេចក្តីល្អអ្វីឡើយ
26. ក៏កន្លងហួសទៅដូចជាទូកធ្វើពីឫស្សី ឧបមាដូចជាឥន្ទ្រីដែលបោះពួយចាប់រំពា
27. បើសិនជាខ្ញុំថា ខ្ញុំនឹងបំភ្លេចសេចក្តីដំអូញរបស់ខ្ញុំ ក៏នឹងបំផ្លាស់បំប្រែទឹកមុខព្រួយចេញ ហើយនឹងមានចិត្តធូរឡើងវិញ
28. នោះខ្ញុំខ្លាចអស់ទាំងសេចក្តីទុក្ខព្រួយរបស់ខ្ញុំ ហើយដឹងថា អ្នកមិនរាប់ខ្ញុំជាឥតទោសទេ
29. ខ្ញុំនឹងត្រូវមានទោសមែន ដូច្នេះ ខ្ញុំនឹងនឿយហត់ជាឥតប្រយោជន៍ធ្វើអី
30. បើសិនជាខ្ញុំនឹងសំអាតខ្លួនដោយទឹកហិមៈ ហើយលាងដៃឲ្យស្អាតយ៉ាងណាក៏ដោយ
31. គង់តែអ្នកនឹងបោះខ្ញុំចុះទៅក្នុងភក់ជ្រាំវិញ នោះទាំងសំលៀកបំពាក់ខ្ញុំនឹងខ្ពើមខ្ញុំផង
32. ដ្បិតព្រះទ្រង់មិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ទ្រង់ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ
33. គ្មានអ្នកណាជាអ្នកកណ្តាល ដែលនឹងដាក់ដៃលើយើងទាំង២សង្រួបសង្រួមឡើយ
34. ឲ្យទ្រង់ដកដំបងពីខ្ញុំចេញ ហើយកុំឲ្យសេចក្តីស្ញែងខ្លាចរបស់ទ្រង់មកបំភ័យខ្ញុំទៀត
35. នោះខ្ញុំនឹងទូលដល់ទ្រង់ឥតភ័យខ្លាច ដ្បិតដែលខ្លួនខ្ញុំនៅតែយ៉ាងនេះ នោះខ្ញុំមិនហ៊ានទេ។