យ៉ូប 34:19-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. អ្នក​ណា​ដែល​មិន​កោត‌ខ្លាច​ដល់​ពួក​អ្នក​ជា​ប្រធាន ឬ​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ​ជា​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ទាំង​អស់

20. អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ​ក្នុង​១​រំពេច​ភ្លាម​នៅ​កណ្តាល​អធ្រាត្រ ពួក​ជន​នឹង​រន្ធត់ ហើយ​បាត់​ទៅ ឯ​មនុស្ស​សំខាន់ៗ​ក៏​ត្រូវ​ដក​ចេញ​ទៅ ដោយ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ដែរ។

21. រីឯ​ព្រះ‌នេត្រ​ទ្រង់ បាន​ទត​មើល​គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស ក៏​ឃើញ​អស់​ទាំង​ដំណើរ​ដែល​គេ​ដើរ​ដែរ

22. គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត​នឹង​ពួន​ខ្លួន​បាន​ទេ

23. ដ្បិត​ព្រះ​មិន​ចាំ​បាច់​ពិចារណា​មើល​មនុស្ស​ជា​យូរ ឲ្យ​បាន​កោះ​នាំ​គេ​មក​ជំនុំ​ជំរះ​នៅ​ចំពោះ​ទ្រង់​នោះ​ទេ

24. ទ្រង់​សង្ហារ​មនុស្ស​សំខាន់ៗ​បែប​រក​យល់​មិន​បាន រួច​ទ្រង់​តាំង​ម្នាក់​ទៀត​ឡើង​ជំនួស​គេ

25. គឺ​ដោយ​ព្រោះ​ទ្រង់​ជ្រាប​អស់​ទាំង​អំពើ​របស់​គេ ទ្រង់​ក៏​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​ត្រឡប់‌ត្រឡិន ឲ្យ​គេ​វិនាស​ទៅ

26. ទ្រង់​ប្រហារ​គេ​ទុក​ដូច​ជា​មនុស្ស​អាក្រក់ នៅ​កណ្តាល​ជំនុំ ចំពោះ​មុខ​គេ

27. ដោយ​ព្រោះ​គេ​បាន​បែរ​ចេញ​មិន​តាម​ទ្រង់​ទៀត ហើយ​មិន​ព្រម​ប្រព្រឹត្ត​តាម​ផ្លូវ​ណា​មួយ​របស់​ទ្រង់​ឡើយ

28. ដល់​ម៉្លេះ​បាន​ជា​គេ​បណ្តាល​ឲ្យ​ដំងូរ​របស់​មនុស្ស​ក្រីក្រ បាន​ឮ​ទៅ​ដល់​ទ្រង់ ទ្រង់​ក៏​បាន​ឮ​សំរែក​របស់​មនុស្ស​ដែល​ត្រូវ​សង្កត់‌សង្កិន​ដែរ

29. កាល​ណា​ទ្រង់​ប្រោស​ឲ្យ​មាន​សេចក្តី​ស្រាក‌ស្រាន្ត​ហើយ នោះ​តើ​អ្នក​ណា​នឹង​បណ្តាល​ឲ្យ​កំរើក​ឡើង​ទៀត​បាន កាល​ណា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ នោះ​តើ​អ្នក​ណា​នឹង​មើល​ទ្រង់​ឃើញ ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី

យ៉ូប 34