យេរេមា 52:10-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ហើយ​សំឡាប់​ពួក​បុត្រា​នៃ​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ក៏​សំឡាប់​អស់​ទាំង​ចៅ‌ហ្វាយ​របស់​ស្រុក​យូដា នៅ​ត្រង់​រីបឡា​ដែរ

11. ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​សេដេគា រួច​មក ស្តេច​បាប៊ីឡូន​ដាក់​ច្រវាក់​លង្ហិន នាំ​យក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ឃុំ​ទុក​នៅ​ក្នុង​គុក ដរាប​ដល់​ថ្ងៃ​សុគត។

12. រីឯ​នៅ​ថ្ងៃ​១០​ខែ​ស្រាពណ៍ ក្នុង​ឆ្នាំ​ទី​១៩​នៃ​រាជ្យ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ ដែល​ឈរ​នៅ​ចំពោះ​ស្តេច​បាប៊ីឡូន លោក​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡិម

13. ក៏​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ដំណាក់​ស្តេច ព្រម​ទាំង​បណ្តា​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម​ផង គឺ​លោក​ដុត​អស់​ទាំង​ផ្ទះ​ធំៗ​ចោល

14. ឯ​ពួក​ទ័ព​សាសន៍​ខាល់ដេ​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​មេ‌ទ័ព​ធំ គេ​ក៏​មក​រំលំ​កំផែង​នៃ​ទី​ក្រុង​យេរូ‌សាឡិម​គ្រប់​ជុំវិញ

15. រួច​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​នាំ​ពួក​ក្រីក្រ​បំផុត​ក្នុង​បណ្តា‌ជន និង​សំណល់​មនុស្ស​ដែល​នៅ​ក្នុង​ទី​ក្រុង ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​រវាត​ចូល​ទៅ​ខាង​ស្តេច​បាប៊ីឡូន និង​សំណល់​នៃ​មនុស្ស​ទៅ​ជា​ឈ្លើយ

16. តែ​នេប៊ូសា‌រ៉ាដាន​ជា​មេ‌ទ័ព​ធំ លោក​ទុក​ពួក​អ្នក​ក្រីក្រ​ខ្លះ​នៃ​ស្រុក​នោះ ឲ្យ​ថែ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ភ្ជួរ‌រាស់​ដី។

17. ឯ​សសរ​លង្ហិន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ជើង​ថ្កល់ ហើយ​សមុទ្រ​លង្ហិន​ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ទៅ

18. ឯ​កន្ថោរ ចប‌ចូក ឃ្នាប​ប្រឆេះ ចាន‌គោម កូន​ចាន និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន​ដែល​ប្រើ​សំរាប់​គោរព នោះ​គេ​ក៏​យក​ទៅ​ដែរ

19. ហើយ​ទាំង​ផើង ជើង‌ក្រាន ចាន‌គោម កន្ថោរ ជើង​ចង្កៀង កូន​ចាន និង​ពែង ដែល​ធ្វើ​ពី​មាស ហើយ​ដែល​ធ្វើ​ពី​ប្រាក់ នោះ​មេ‌ទ័ព​ធំ​ក៏​យក​ទៅ​ទាំង​អស់

20. ឯ​សសរ​ទាំង​២ សមុទ្រ​១ និង​គោ​លង្ហិន​ទាំង​១២​ទ្រ​ពី​ក្រោម ដែល​ស្តេច​សាឡូ‌ម៉ូន​បាន​ធ្វើ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​ថ្លឹង​លង្ហិន​នៃ​របស់​ទាំង​នោះ​មិន​បាន​ឡើយ

21. ត្រង់​ឯ​សសរ​នោះ​មួយៗ មាន​កំពស់​១៨​ហត្ថ ហើយ​វាស់​ជុំវិញ​ត្រូវ​ជា​១២​ហត្ថ មាន​កំរាស់​៤​ធ្នាប់ មាន​ប្រហោង​ក្នុង

22. ក៏​មាន​ក្បាច់​ក្បាល​សសរ​លង្ហិន​នៅ​ពី​លើ​ក្បាល​សសរ​មួយៗ​កំពស់​៥​ហត្ថ មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​នៅ​ជាប់​ជុំវិញ​ផង ហើយ​សសរ​ទី​២​ក៏​មាន​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម​ដូច​គ្នា​ដែរ

23. មាន​ផ្លែ​ទទឹម​៩៦​នៅ​គ្រប់​ជុំវិញ ហើយ​នឹង​ផ្លែ​ទទឹម​ទាំង​អស់ ដែល​នៅ​ជាប់​នឹង​ក្បាច់​ក្រឡា​អួន​នោះ​មាន​ចំនួន​១០០។

24. មេ‌ទ័ព​ធំ​ក៏​យក​សេរ៉ាយ៉ា ជា​សង្ឃ​ធំ និង​សេផានា ជា​សង្ឃ​ទី​២ ហើយ​ពួក​ឆ្មាំ​ទ្វារ​ទាំង​៣​នាក់

25. ក៏​យក​មេ​ម្នាក់ ដែល​បាន​ត្រួត​លើ​ពល‌ទ័ព ពី​ក្នុង​ទី​ក្រុង និង​មនុស្ស​៧​នាក់ ដែល​ធ្លាប់​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព​ធំ ដែល​កេណ្ឌ​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​៦០​នាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ទី​ក្រុង​ផង

26. នោះ​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​នាំ​អ្នក​ទាំង​នោះ ទៅ​ឯ​ស្តេច​បាប៊ីឡូន​ត្រង់​រីបឡា

27. ស្តេច​បាប៊ីឡូន​ក៏​ប្រហារ​ជីវិត​គេ នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត​ទៅ គឺ​យ៉ាង​នោះ​ដែល​ពួក​យូដា​ត្រូវ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន​ទៅ​ជា​ឈ្លើយ។

28. នេះ​ជា​ពួក​បណ្តា‌ជន ដែល​នេប៊ូ‌ក្នេសា​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​៧ គឺ​មាន​ពួក​យូដា អស់​ចំនួន​៣០២៣​នាក់

29. នៅ​ឆ្នាំ​ទី​១៨​នៃ​នេប៊ូ‌ក្នេសា នោះ​ទ្រង់​នាំ​យក​មនុស្ស​ចំនួន​៨៣២​នាក់ ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឈ្លើយ

យេរេមា 52