47. ហេតុនោះមើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោសដល់អស់ទាំងរូបឆ្លាក់របស់ស្រុកបាប៊ីឡូន ហើយស្រុកទាំងមូលនឹងត្រូវជ្រប់មុខ ឯពួកអ្នកទាំងប៉ុន្មាន ដែលត្រូវគេសំឡាប់នោះ នឹងដួលនៅកណ្តាលវា
48. គ្រានោះ ទាំងផ្ទៃមេឃ ហើយផែនដី និងរបស់សព្វសារពើដែលនៅស្ថានទាំងនោះ នឹងច្រៀងអរសប្បាយ ពីដំណើរក្រុងបាប៊ីឡូន ពីព្រោះពួកបំផ្លាញនឹងមកដល់វា ពីទិសខាងជើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
49. រីឯក្រុងបាប៊ីឡូនបានធ្វើឲ្យសាសន៍អ៊ីស្រាអែលដួលស្លាប់ទៅយ៉ាងណា នោះពួកអ្នកស្រុកទាំងមូលនឹងត្រូវដួលស្លាប់ នៅត្រង់ក្រុងបាប៊ីឡូនយ៉ាងនោះដែរ។
50. នែ ឯងរាល់គ្នាដែលបានរួចពីដាវអើយ ចូរទៅចុះកុំបង្អង់ឡើយ ចូរនឹកដល់ព្រះយេហូវ៉ាពីទីចំងាយ ហើយឲ្យក្រុងយេរូសាឡិមចូលក្នុងគំនិតឯងដែរ
51. យើងរាល់គ្នាត្រូវខ្មាស ដោយបានឮពាក្យត្មះតិះដៀល យើងរាល់គ្នាបានឡើងមុខក្រហមហើយ ដ្បិតមានសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះវិហារនៃព្រះយេហូវ៉ា
52. ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោស ដល់អស់ទាំងរូបឆ្លាក់របស់គេ ហើយពួកគេដែលត្រូវរបួសក៏នឹងថ្ងូរ នៅពេញក្នុងស្រុក
53. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើក្រុងបាប៊ីឡូននឹងលើកខ្លួនឡើងដល់ផ្ទៃមេឃ ហើយចំរើនកំឡាំងនៃទីខ្ពស់របស់គេ ឲ្យរឹងរឹតតែមាំមួនឡើងក៏ដោយ គង់តែអញនឹងឲ្យពួកបំផ្លាញឡើងទៅដល់គេដែរ។
54. មានឮសូរសំរែកចេញពីក្រុងបាប៊ីឡូនមក និងសូរនៃការបំផ្លាញយ៉ាងសំបើម មកពីស្រុករបស់ពួកខាល់ដេ
55. ដ្បិតព្រះយេហូវ៉ាទ្រង់រំលាងក្រុងបាប៊ីឡូន ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ រលកគេឮសន្ធឹកដូចជាទឹកធំ ក៏ឮសូររបស់គេចេញមក
56. ដ្បិតមេបំផ្លាញបានមកលើវាហើយ គឺលើក្រុងបាប៊ីឡូន ពួកខ្លាំងពូកែរបស់វាត្រូវគេចាប់បាន ហើយធ្នូទាំងប៉ុន្មានរបស់គេត្រូវបាក់ខ្ទេចខ្ទី ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលសងសំណង ទ្រង់នឹងតបស្នងជាមិនខាន