40. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថានឹងគ្មានមនុស្សណាអាស្រ័យនៅទីនោះ ឬមនុស្សជាតិណាស្នាក់នៅឡើយ ដូចកាលព្រះទ្រង់បំផ្លាញក្រុងសូដុំម និងក្រុងកូម៉ូរ៉ា ហើយទីក្រុងនៅជិតខាងទាំងប៉ុន្មានដែរ។
41. មើល មានសាសន៍១មកពីទិសខាងជើង ជាសាសន៍យ៉ាងធំ និងស្តេចជាច្រើន បានត្រូវដាសឡើងពីចុងផែនដី
42. គេចាប់យកធ្នូ និងលំពែង ជាពួកសាហាវណាស់ ឥតមានត្រាប្រណីឡើយ សំឡេងគេឮសន្ធឹកដូចសមុទ្រ គេសុទ្ធតែជិះសេះ គេដំរៀបគ្នា ដូចជាមនុស្សដែលរៀបទៅច្បាំង ឱកូនស្រីក្រុងបាប៊ីឡូនអើយ គេមកទាស់នឹងឯងហើយ
43. ស្តេចក្រុងបាប៊ីឡូនបានឮដំណឹងពីគេ ព្រះហស្តទ្រង់ក៏ខ្សោយទៅ មានសេចក្តីថប់ព្រួយចាប់ទ្រង់ ទ្រង់ក៏ឈឺចាប់ ដូចជាស្រីដែលឈឺនឹងសំរាលកូន
44. មើល ខ្មាំងសត្រូវនឹងឡើងមកទាស់នឹងទីលំនៅមាំមួន ដូចជាសិង្ហដែលឡើងមកពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យពួកក្រុងបាប៊ីឡូនរត់ចេញភ្លាម រួចអ្នកណាដែលបានរើសតាំង នោះអញនឹងតាំងឲ្យគ្រប់គ្រងវិញ តើអ្នកណាដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណា ដែលអាចនឹងឈរនៅចំពោះអញបាន
45. ដូច្នេះចូរស្តាប់សេចក្តីប្រឹក្សារបស់ព្រះយេហូវ៉ាជាសេចក្តីដែលទ្រង់បានគិតសំរេច ទាស់នឹងក្រុងបាប៊ីឡូន ហើយនឹងការដែលទ្រង់បានសំរេច ទាស់នឹងពួកអ្នកស្រុកខាល់ដេចុះ គឺថាពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញជាពិត ហើយឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ
46. ផែនដីក៏ញ័រ ដោយសូរនៃការចាប់យកក្រុងបាប៊ីឡូន សំរែករបស់គេក៏បានឮ នៅកណ្តាលអស់ទាំងសាសន៍។