6. ដូច្នេះសិង្ហមួយដែលចេញពីព្រៃ នឹងសំឡាប់គេ ឆ្កែព្រៃនៅវាលស្ងាត់នឹងបំផ្លាញគេ ហើយខ្លារខិនម៉បចាំនៅមុខទីក្រុងរបស់គេ អស់អ្នកណាដែលចេញពីទីក្រុងនោះ នឹងត្រូវហែកខ្ទេចខ្ទី ពីព្រោះអំពើរំលងរបស់គេមានច្រើនណាស់ ហើយការរាថយរបស់គេ ក៏បានចំរើនជាច្រើនឡើងដែរ។
7. ធ្វើដូចម្តេចឲ្យអញបានអត់ទោសឲ្យឯងបាន ពួកកូនចៅរបស់ឯងបានបោះបង់ចោលអញអស់ហើយ ក៏បានស្បថនឹងរបស់ដែលមិនមែនជាព្រះផង កាលអញបានឲ្យគេស៊ីឆ្អែតជាបរិបូរ នោះគេក៏បែរជាផិតអញវិញ ហើយប្រជុំគ្នាទាំងហ្វូងនៅឯផ្ទះស្រីសំផឹង
8. គេប្រៀបដូចជាសេះដែលចិញ្ចឹមដោយល្អ ហើយរត់ទៅមកតាមតែចិត្ត គឺគេស្រែកកញ្ជ្រៀវរកប្រពន្ធរបស់អ្នកជិតខាងគ្រប់គ្នា
9. ដូច្នេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអញមិនត្រូវធ្វើទោសចំពោះអំពើយ៉ាងនោះទេឬ តើព្រលឹងអញមិនត្រូវសងសឹកនឹងសាសន៍ណាយ៉ាងដូច្នេះទេឬអី។
10. ចូរឡើងទៅលើអស់ទាំងកំផែងទីក្រុងរបស់គេ ហើយបំផ្លាញទៅ តែកុំឲ្យអស់រលីងឡើយ ចូរកាច់ខ្នែងគេចេញ ពីព្រោះខ្នែងទាំងនោះមិនមែនជារបស់ផងព្រះយេហូវ៉ាទេ
11. ដ្បិតពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដាបានក្បត់នឹងអញជាខ្លាំងហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
12. គឺគេបានកុហកពីព្រះយេហូវ៉ា ដោយពាក្យថា មិនមែនព្រះនោះទេ ឯសេចក្តីអាក្រក់នឹងមិនមកលើយើងរាល់គ្នា ហើយយើងនឹងមិនត្រូវឃើញដាវ ឬគ្រាអំណត់អត់ឡើយ
13. ពួកហោរានឹងត្រឡប់ទៅដូចជាខ្យល់ ព្រះបន្ទូលមិននៅក្នុងគេទេ សូមឲ្យគេបានយ៉ាងដូច្នោះចុះ។