19. ឱអ្នកដែលអាស្រ័យនៅក្រុងអារ៉ូអ៊ើរអើយ ចូរឈរក្បែរផ្លូវមើលចុះ ចូរសួរអ្នកដែលរត់ ហើយស្រីដែលបានរួចមកថា តើកើតមានអ្វី
20. សាសន៍ម៉ូអាប់ត្រូវខ្មាស ពីព្រោះត្រូវរំលំហើយ ចូរស្រែកទ្រហោយំចុះ ចូរប្រាប់នៅមាត់ស្ទឹងអើណូនថា ម៉ូអាប់ត្រូវខូចបង់ហើយ
21. ការសំរេចទោសបានធ្លាក់មកលើស្រុកវាល គឺលើហូឡូន យ៉ាហាស និងមេផ្អាត
22. លើឌីបូន នេបូរ បេត-ឌីប្លាថែម
23. លើគារយ៉ាថែម បេត-កាមូល បេត-មេយ៉ូន
24. ហើយលើកេរីយ៉ុត បុសរ៉ា និងអស់ទាំងទីក្រុង នៅស្រុកម៉ូអាប់ទាំងជិតទាំងឆ្ងាយផង
25. ឯស្នែងរបស់សាសន៍ម៉ូអាប់នោះបានកាត់ចេញហើយ ដៃគេក៏ត្រូវបាក់ដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
26. ចូរបង្អកឲ្យគេស្រវឹងចុះ ដ្បិតគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា ម៉ូអាប់នឹងត្រូវននៀលក្នុងកំអួតរបស់ខ្លួន ហើយនឹងត្រូវគេមើលងាយផង
27. ដ្បិតតើសាសន៍អ៊ីស្រាអែលមិនមែនជាទីមើលងាយដល់ឯងឬ តើបានឃើញគេនៅកណ្តាលពួកចោរឬអី ដ្បិតវេលាណាដែលឯងនិយាយពីគេ នោះឯងចេះតែគ្រវីក្បាល
28. ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន ទៅអាស្រ័យនៅក្នុងថ្មចុះ ត្រូវឲ្យបានដូចជាព្រាប ដែលធ្វើសំបុកនៅមាត់ចំរែះរអាង
29. យើងបានឮនិយាយពីសេចក្តីអំនួតរបស់សាសន៍ម៉ូអាប់ថា គេអួតអាងខ្លាំងណាស់ និងពីសេចក្តីលើកខ្លួន សេចក្តីអំនួត សេចក្តីវាយឫក និងពីសេចក្តីឆ្មើងឆ្មៃក្នុងចិត្តគេដែរ