យេរេមា 48:19-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ក្រុង​អារ៉ូអ៊ើរ​អើយ ចូរ​ឈរ​ក្បែរ​ផ្លូវ​មើល​ចុះ ចូរ​សួរ​អ្នក​ដែល​រត់ ហើយ​ស្រី​ដែល​បាន​រួច​មក​ថា តើ​កើត​មាន​អ្វី

20. សាសន៍​ម៉ូអាប់​ត្រូវ​ខ្មាស ពី​ព្រោះ​ត្រូវ​រំលំ​ហើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ ចូរ​ប្រាប់​នៅ​មាត់​ស្ទឹង​អើណូន​ថា ម៉ូអាប់​ត្រូវ​ខូច​បង់​ហើយ

21. ការ​សំរេច​ទោស​បាន​ធ្លាក់​មក​លើ​ស្រុក​វាល គឺ​លើ​ហូឡូន យ៉ាហាស និង​មេផ្អាត

22. លើ​ឌីបូន នេបូរ បេត-ឌីប្លា‌ថែម

23. លើ​គារ‌យ៉ា‌ថែម បេត-កាមូល បេត-មេយ៉ូន

24. ហើយ​លើ​កេរីយ៉ុត បុសរ៉ា និង​អស់​ទាំង​ទី​ក្រុង នៅ​ស្រុក​ម៉ូអាប់​ទាំង​ជិត​ទាំង​ឆ្ងាយ​ផង

25. ឯ​ស្នែង​របស់​សាសន៍​ម៉ូអាប់​នោះ​បាន​កាត់​ចេញ​ហើយ ដៃ​គេ​ក៏​ត្រូវ​បាក់​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

26. ចូរ​បង្អក​ឲ្យ​គេ​ស្រវឹង​ចុះ ដ្បិត​គេ​បាន​ដំកើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា ម៉ូអាប់​នឹង​ត្រូវ​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​នឹង​ត្រូវ​គេ​មើល‌ងាយ​ផង

27. ដ្បិត​តើ​សាសន៍​អ៊ីស្រា‌អែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​ឯង​ឬ តើ​បាន​ឃើញ​គេ​នៅ​កណ្តាល​ពួក​ចោរ​ឬ​អី ដ្បិត​វេលា​ណា​ដែល​ឯង​និយាយ​ពី​គេ នោះ​ឯង​ចេះ​តែ​គ្រវី​ក្បាល

28. ឱ​ពួក​អ្នក​ស្រុក​ម៉ូអាប់​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​ទាំង​ប៉ុន្មាន ទៅ​អាស្រ័យ​នៅ​ក្នុង​ថ្ម​ចុះ ត្រូវ​ឲ្យ​បាន​ដូច​ជា​ព្រាប ដែល​ធ្វើ​សំបុក​នៅ​មាត់​ចំរែះ​រអាង

យេរេមា 48