15. ស្រុកម៉ូអាប់បានត្រូវខូចបង់ហើយ ទីក្រុងរបស់គេបានហុយឡើងជាផ្សែង ពួកកំឡោះជ្រើសរើសរបស់គេបានចុះទៅឯទីសំឡេះ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលទ្រង់ព្រះនាមជា ព្រះយេហូវ៉ានៃពួកពលបរិវារ
16. សេចក្តីអន្តរាយរបស់សាសន៍ម៉ូអាប់ជិតមកដល់ហើយ សេចក្តីវេទនារបស់គេក៏ប្រញាប់រួសរាន់ដែរ
17. ឯងរាល់គ្នាដែលនៅជុំវិញគេអើយ ចូរយំទួញនឹងគេចុះ ហើយឯងរាល់គ្នាដែលស្គាល់ឈ្មោះគេអើយ ចូរពោលថា ដំបងខែងមាំនោះបានបាក់យ៉ាងណាហ្ន៎ ជាដំបងរុងរឿងផង
18. ឱកូនស្រីដែលអាស្រ័យនៅក្រុងឌីបូនអើយ ចូរចុះពីសណ្ឋានរុងរឿងឧត្តមរបស់ឯងមក ហើយអង្គុយនៅទីស្រេកវិញចុះ ដ្បិតមេដែលបំផ្លាញស្រុកម៉ូអាប់ បានឡើងមកទាស់នឹងឯងហើយ គេបានបំផ្លាញទីមាំមួនរបស់ឯងបង់
19. ឱអ្នកដែលអាស្រ័យនៅក្រុងអារ៉ូអ៊ើរអើយ ចូរឈរក្បែរផ្លូវមើលចុះ ចូរសួរអ្នកដែលរត់ ហើយស្រីដែលបានរួចមកថា តើកើតមានអ្វី
20. សាសន៍ម៉ូអាប់ត្រូវខ្មាស ពីព្រោះត្រូវរំលំហើយ ចូរស្រែកទ្រហោយំចុះ ចូរប្រាប់នៅមាត់ស្ទឹងអើណូនថា ម៉ូអាប់ត្រូវខូចបង់ហើយ
21. ការសំរេចទោសបានធ្លាក់មកលើស្រុកវាល គឺលើហូឡូន យ៉ាហាស និងមេផ្អាត
22. លើឌីបូន នេបូរ បេត-ឌីប្លាថែម
23. លើគារយ៉ាថែម បេត-កាមូល បេត-មេយ៉ូន
24. ហើយលើកេរីយ៉ុត បុសរ៉ា និងអស់ទាំងទីក្រុង នៅស្រុកម៉ូអាប់ទាំងជិតទាំងឆ្ងាយផង
25. ឯស្នែងរបស់សាសន៍ម៉ូអាប់នោះបានកាត់ចេញហើយ ដៃគេក៏ត្រូវបាក់ដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
26. ចូរបង្អកឲ្យគេស្រវឹងចុះ ដ្បិតគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា ម៉ូអាប់នឹងត្រូវននៀលក្នុងកំអួតរបស់ខ្លួន ហើយនឹងត្រូវគេមើលងាយផង
27. ដ្បិតតើសាសន៍អ៊ីស្រាអែលមិនមែនជាទីមើលងាយដល់ឯងឬ តើបានឃើញគេនៅកណ្តាលពួកចោរឬអី ដ្បិតវេលាណាដែលឯងនិយាយពីគេ នោះឯងចេះតែគ្រវីក្បាល
28. ឱពួកអ្នកស្រុកម៉ូអាប់អើយ ចូរចេញពីទីក្រុងទាំងប៉ុន្មាន ទៅអាស្រ័យនៅក្នុងថ្មចុះ ត្រូវឲ្យបានដូចជាព្រាប ដែលធ្វើសំបុកនៅមាត់ចំរែះរអាង
29. យើងបានឮនិយាយពីសេចក្តីអំនួតរបស់សាសន៍ម៉ូអាប់ថា គេអួតអាងខ្លាំងណាស់ និងពីសេចក្តីលើកខ្លួន សេចក្តីអំនួត សេចក្តីវាយឫក និងពីសេចក្តីឆ្មើងឆ្មៃក្នុងចិត្តគេដែរ
30. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្គាល់សេចក្តីឃោរឃៅរបស់គេថា មិនជាអ្វីទេ អស់ទាំងសេចក្តីអំនួតរបស់គេ មិនបានបង្កើតអ្វីសោះ
31. ដូច្នេះ អញនឹងទ្រហោយំនឹងសាសន៍ម៉ូអាប់ អើអញនឹងស្រែកឡើង ដោយព្រោះសាសន៍ទាំងមូលក៏នឹងសោយសោកចំពោះពួកមនុស្ស នៅគារ-ហារ៉ាសែតដែរ
32. ឱដើមទំពាំងបាយជូរ នៅត្រង់ស៊ីបម៉ាអើយ អញនឹងយំនឹងឯង លើសជាងយំនឹងយ៉ាស៊ើរទៅទៀត ខ្នែងរបស់ឯងបានបោះចេញទៅដល់ត្រើយសមុទ្រម្ខាង បានលូកទៅដល់សមុទ្រយ៉ាស៊ើរផង មេបំផ្លាញបានធ្លាក់មកលើផលរដូវក្តៅ និងលើផលទំពាំងបាយជូររបស់ឯង
33. ឯសេចក្តីរីករាយ និងសេចក្តីអំណរ នោះបានដកចេញពីចំការដុះដាល ហើយពីស្រុកម៉ូអាប់ទៅ អញបានធ្វើឲ្យលែងមានស្រាទំពាំងបាយជូរ នៅក្នុងធុងឃ្នាបទៀត ក៏នឹងគ្មានអ្នកណាជាន់ផ្លែ ដោយសំរែកខ្ញៀវខ្ញារឡើយ សូរសំរែករបស់គេ នឹងមិនមែនជាសំរែកពិតទេ
34. មានឮសំរែកនៅក្រុងហែសបូន រហូតដល់អេលាលេ គេបានបព្ចោញសំឡេងរហូតដល់យ៉ាហាស ហើយពីសូអារទៅដល់ហូរ៉ូណែម ដូចជាគោញីអាយុ៣ខួប ដ្បិតទឹកនៃនីមរីមបានរីងស្ងួតទៅហើយ