17. នៅទីនោះ គេបានស្រែកឡើងថា ផារ៉ោន ជាស្តេចអេស៊ីព្ទ ទ្រង់ជាសូរកំទរទទេ ទ្រង់បានទុកឲ្យពេលដែលស្រួលកន្លងហួសទៅ
18. ឯមហាក្សត្រដែលទ្រង់ព្រះនាមជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ស្បថដោយព្រះជន្មទ្រង់ដ៏រស់នៅថា ភ្នំតាបោរនៅកណ្តាលស្រុកភ្នំ ហើយភ្នំកើមែលនៅឆ្នេរសមុទ្រជាយ៉ាងណា នោះពិតប្រាកដជាគេនឹងមកយ៉ាងនោះដែរ
19. ឱកូនស្រីដែលនៅស្រុកអេស៊ីព្ទអើយ ចូរផ្គត់ផ្គង់ដល់ខ្លួន សំរាប់នឹងទៅជាឈ្លើយចុះ ដ្បិតក្រុងណូពនឹងត្រូវខូចបង់ ហើយដុតចោលឥតមានអ្នកណានៅ
20. ស្រុកអេស៊ីព្ទជាគោក្រមុំយ៉ាងល្អក្រៃលែង ប៉ុន្តែមេបំផ្លាញបានចេញពីស្រុកខាងជើងមកក៏មកដល់ហើយ
21. មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ ប្រៀបដូចជាកូនគោបំប៉ននៅកណ្តាលស្រុក គេក៏បានបែរខ្នងដែរ គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនឹងនៅទេ ដ្បិតថ្ងៃអន្តរាយរបស់គេ គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ
22. សូរសន្ធឹកនៃថ្ងៃនោះ ដូចជាសូរនៃពស់លូន ដ្បិតពួកនោះនឹងដើរមកជាក្បួនទ័ព ក៏នឹងមកទាស់នឹងគេ មានទាំងពូថៅ ដូចអ្នកកាប់ឈើផង
23. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេនឹងកាប់រំលំព្រៃរបស់ស្រុកអេស៊ីព្ទបង់ ទោះបើជាព្រៃស្តុក ដល់ចូលមិនបានក៏ដោយ ដ្បិតគេមានគ្នាច្រើនជាងកណ្តូប គឺហួសប្រមាណនឹងរាប់បាន
24. កូនស្រីរបស់ស្រុកអេស៊ីព្ទនឹងត្រូវខ្មាស នាងនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃរបស់ពួកសាសន៍ ពីស្រុកខាងជើង
25. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា មើល អញនឹងធ្វើទោសដល់អាំម៉ូន-នរ និងផារ៉ោន ហើយស្រុកអេស៊ីព្ទ ព្រមទាំងព្រះទាំងប៉ុន្មាន និងស្តេចរបស់គេផង គឺផារ៉ោន និងអស់អ្នកដែលទុកចិត្តដល់វា
26. អញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ គឺទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកបំរើវាដែរ ក្រោយមកស្រុកអេស៊ីព្ទនឹងមានគេអាស្រ័យនៅ ដូចកាលពីដើមឡើងវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។