16. ទ្រង់បានធ្វើឲ្យច្រើនគ្នាចំពប់ អើ គេបានដួលគរលើគ្នា គេបាននិយាយគ្នាថា ចូរយើងក្រោកឡើងវិលទៅឯសាសន៍យើង នៅស្រុកកំណើតរបស់យើងវិញទៅ ដើម្បីនឹងរួចពីដាវដែលធ្វើទុក្ខ
17. នៅទីនោះ គេបានស្រែកឡើងថា ផារ៉ោន ជាស្តេចអេស៊ីព្ទ ទ្រង់ជាសូរកំទរទទេ ទ្រង់បានទុកឲ្យពេលដែលស្រួលកន្លងហួសទៅ
18. ឯមហាក្សត្រដែលទ្រង់ព្រះនាមជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ស្បថដោយព្រះជន្មទ្រង់ដ៏រស់នៅថា ភ្នំតាបោរនៅកណ្តាលស្រុកភ្នំ ហើយភ្នំកើមែលនៅឆ្នេរសមុទ្រជាយ៉ាងណា នោះពិតប្រាកដជាគេនឹងមកយ៉ាងនោះដែរ
19. ឱកូនស្រីដែលនៅស្រុកអេស៊ីព្ទអើយ ចូរផ្គត់ផ្គង់ដល់ខ្លួន សំរាប់នឹងទៅជាឈ្លើយចុះ ដ្បិតក្រុងណូពនឹងត្រូវខូចបង់ ហើយដុតចោលឥតមានអ្នកណានៅ
20. ស្រុកអេស៊ីព្ទជាគោក្រមុំយ៉ាងល្អក្រៃលែង ប៉ុន្តែមេបំផ្លាញបានចេញពីស្រុកខាងជើងមកក៏មកដល់ហើយ
21. មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ ប្រៀបដូចជាកូនគោបំប៉ននៅកណ្តាលស្រុក គេក៏បានបែរខ្នងដែរ គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនឹងនៅទេ ដ្បិតថ្ងៃអន្តរាយរបស់គេ គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ
22. សូរសន្ធឹកនៃថ្ងៃនោះ ដូចជាសូរនៃពស់លូន ដ្បិតពួកនោះនឹងដើរមកជាក្បួនទ័ព ក៏នឹងមកទាស់នឹងគេ មានទាំងពូថៅ ដូចអ្នកកាប់ឈើផង
23. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេនឹងកាប់រំលំព្រៃរបស់ស្រុកអេស៊ីព្ទបង់ ទោះបើជាព្រៃស្តុក ដល់ចូលមិនបានក៏ដោយ ដ្បិតគេមានគ្នាច្រើនជាងកណ្តូប គឺហួសប្រមាណនឹងរាប់បាន