1. នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្រោយដែលនេប៊ូសារ៉ាដាន ជាមេទ័ពធំ បានលែងលោកនៅត្រង់រ៉ាម៉ាហើយ ក្នុងកាលដែលគេបានចាប់លោកដាក់ច្រវាក់ ជាមួយនឹងពួកក្រុងយេរូសាឡិម និងពួកស្រុកយូដាទាំងប៉ុន្មាន ដែលគេដឹកនាំជាឈ្លើយទៅឯស្រុកបាប៊ីឡូននោះ
2. មេទ័ពធំក៏យកយេរេមាមកនិយាយថា ព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់បានប្រកាសសេចក្តីអាក្រក់នេះទំលាក់លើទីនេះ
3. ហើយព្រះយេហូវ៉ាបាននាំការនេះមក ព្រមទាំងសំរេចតាមព្រះបន្ទូលទ្រង់ផង ពីព្រោះឯងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ហើយមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះបានជាការនេះកើតដល់ឯងរាល់គ្នា
4. ដូច្នេះមើល នៅថ្ងៃនេះខ្ញុំដោះច្រវាក់ពីដៃអ្នកចេញ បើសិនជាអ្នកចូលចិត្តទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំ ក៏ចូលមកចុះ ខ្ញុំនឹងទំនុកបំរុងអ្នកដោយល្អ តែបើមិនគាប់ចិត្តនឹងទៅឯស្រុកបាប៊ីឡូនជាមួយនឹងខ្ញុំទេ នោះតាមតែចិត្តចុះ មើល ស្រុកទាំងមូលនៅមុខអ្នកហើយ នៅកន្លែងណាដែលអ្នកគិតឃើញថាស្រួល ហើយគួរឲ្យអ្នកទៅ នោះឲ្យអ្នកទៅចុះ