4. អញក៏នឹងនាំយេកូនាស ជាបុត្រយេហូយ៉ាគីមស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ដែលត្រូវដឹកនាំទៅជាឈ្លើយ ដល់ក្រុងបាប៊ីឡូន ឲ្យវិលមកឯទីនេះវិញដែរ ដ្បិតអញនឹងបំបាក់នឹមរបស់ស្តេចបាប៊ីឡូនពិត នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
5. រួចហោរាយេរេមា ក៏និយាយនឹងហាណានា នៅចំពោះពួកសង្ឃ និងបណ្តាជនដែលឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
6. គឺហោរាយេរេមានិយាយថា អាម៉ែន សូមឲ្យព្រះយេហូវ៉ាធ្វើដូច្នោះចុះ សូមឲ្យព្រះយេហូវ៉ាសំរេចតាមពាក្យដែលអ្នកបានទាយនោះ ដើម្បីនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា និងអស់អ្នកដែលត្រូវដឹកទៅជាឈ្លើយនោះ ឲ្យត្រឡប់មកពីក្រុងបាប៊ីឡូនដល់ទីនេះវិញ