13. អញនឹងសំរេចតាមអស់ទាំងពាក្យដែលអញបានប្រកាសទាស់នឹងស្រុកនោះ គឺតាមគ្រប់ទាំងសេចក្តីដែលបានកត់ទុកក្នុងសៀវភៅនេះហើយ ជាពាក្យដែលយេរេមាបានទាយទាស់នឹងនគរទាំងប៉ុន្មាន
14. ដ្បិតសាសន៍ជាច្រើន និងស្តេចធំៗ នឹងចាប់ប្រើសាសន៍ខាល់ដេនោះវិញ ហើយអញនឹងសងគេ តាមអំពើដែលគេបានប្រព្រឹត្ត និងតាមការដែលដៃគេបានធ្វើ។
15. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរយកពែងស្រាជាសេចក្តីឃោរឃៅនេះពីដៃអញទៅ ហើយបំផឹកអស់ទាំងសាសន៍ដែលអញចាត់ឯងឲ្យទៅនោះចុះ
16. គេនឹងផឹក ហើយនឹងដើរវិលវង់ទៅមក ហើយទៅជាឆ្កួតដោយព្រោះដាវ ដែលអញនឹងចាត់ទៅកណ្តាលពួកគេ
17. ដូច្នេះ ខ្ញុំក៏យកពែងនោះពីព្រះហស្តនៃព្រះយេហូវ៉ា ទៅបំផឹកអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាបានចាត់ឲ្យខ្ញុំទៅនោះ
18. គឺក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ព្រមទាំងស្តេច និងពួកចៅហ្វាយរបស់គេផង ដើម្បីឲ្យគេទៅជាទីខូចបង់ ជាទីស្រឡាំងកាំង ជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ហើយជាទីផ្តាសាដូចជាសព្វថ្ងៃនេះ