6. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរដំណាក់នៃស្តេចយូដាដូច្នេះ ឯងទុកដូចជាស្រុកកាឡាត ហើយដូចកំពូលភ្នំល្បាណូនដល់អញ ប៉ុន្តែប្រាកដជាអញនឹងធ្វើឲ្យឯងទៅជាទីស្ងាត់ជ្រងំវិញ ជាទីក្រុងដែលឥតមានមនុស្សនៅ
7. ហើយអញនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងឯង គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់ឯង ហើយបោះទៅក្នុងភ្លើង
8. សាសន៍ជាច្រើននឹងដើរមកតាមទីក្រុងនេះ គ្រប់គ្នានឹងនិយាយដល់គូកនខ្លួនថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះដល់ក្រុងធំនេះ
9. នោះគេនឹងឆ្លើយតបថា គឺពីព្រោះគេបានបោះបង់ចោលសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា ជាព្រះនៃគេ ក៏ថ្វាយបង្គំហើយគោរពប្រតិបត្តិដល់ព្រះដទៃផង។
10. កុំឲ្យយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំឲ្យសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង
11. ពីព្រោះឯសាលូម ជាបុត្រយ៉ូសៀស ស្តេចយូដា ដែលសោយរាជ្យជំនួសយ៉ូសៀស ជាបិតា ហើយបានចាកចេញពីទីនេះទៅហើយ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងមិនដែលមកឯទីនេះវិញទៀតឡើយ
12. នៅកន្លែងណាដែលត្រូវដឹកនាំទៅជាឈ្លើយ នោះគេនឹងស្លាប់នៅទីនោះឥតដែលឃើញស្រុកនេះទៀត។
13. វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួន ដោយការទុច្ចរិត ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់ ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ ឥតចេញឈ្នួលឲ្យ