17. តែឯភ្នែកឯង និងចិត្តឯង នោះរកតែបំពេញសេចក្តីលោភរបស់ឯងវិញ ក៏កំចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងរឹបជាន់ និងប្រព្រឹត្តសេចក្តីច្រឡោតផងប៉ុណ្ណោះ
18. ហេតុនោះព្រះយេហូវ៉ា ក៏មានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចសាសន៍យូដាដូច្នេះថា មនុស្សនឹងមិនសោកស្តាយដោយពាក្យថា ឱបង ឱប្អូនអើយ ក៏មិនដែលសោកស្តាយថា ឱព្រះអម្ចាស់អើយ ឬថាព្រះករុណាដ៏ឧត្តមអើយ នោះឡើយ
19. គេនឹងកប់សពយេហូយ៉ាគីម ដូចជាកប់ខ្មោចសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិមបង់។
20. ចូរឡើងទៅលើភ្នំល្បាណូន ហើយស្រែកឡើង ចូរបន្លឺសំឡេងនៅស្រុកបាសាន ហើយស្រែកពីភ្នំអាបារីមចុះ ពីព្រោះបណ្តាសហាយរបស់ឯងបានត្រូវបំផ្លាញហើយ
21. កាលនៅគ្រាសំបូរ នោះអញបាននិយាយនឹងឯងហើយតែឯងឆ្លើយតបថា យើងមិនព្រមស្តាប់ទេ គឺបែបយ៉ាងនេះ ដែលបានប្រព្រឹត្ត តាំងតែពីក្មេងមក គឺមិនព្រមស្តាប់តាមពាក្យអញឡើយ
22. ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់ឯង ហើយពួកសហាយរបស់ឯងនឹងត្រូវដឹកទៅជាឈ្លើយ ដូច្នេះ ឯងនឹងត្រូវខ្មាស ហើយជ្រប់មុខ ដោយព្រោះអំពើអាក្រក់ដែលឯងប្រព្រឹត្តជាមិនខាន
23. ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសំបុកនៅដើមតាត្រៅអើយ កាលណាសេចក្តីទុក្ខវេទនាមកលើឯង ដូចជាស្ត្រីដែលឈឺចាប់នឹងសំរាលកូន នោះឯងនឹងគួរអាណិតយ៉ាងណាទៅ។
24. ព្រះយេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ ទោះបើយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចសាសន៍យូដាជាចិញ្ចៀនត្រានៅដៃស្តាំអញក៏ដោយ គង់តែអញនឹងកន្ត្រាក់ចេញទៅដែរ