1. ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំទៀតថា
2. មិនត្រូវឲ្យឯងយកប្រពន្ធ ឬបង្កើតកូនប្រុសកូនស្រីនៅទីនេះទេ
3. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរកូនប្រុសកូនស្រីដែលកើតនៅទីនេះ ហើយពីម្តាយដែលសំរាលវាមក និងពីឪពុកដែលបង្កើតវានៅស្រុកនេះដូច្នេះថា
4. គេនឹងស្លាប់ដោយលំបាកណាស់ឥតមានអ្នកណាយំសោកឡើយ ក៏នឹងគ្មានអ្នកណាកប់ខ្មោចគេដែរ គឺគេនឹងបានដូចជាជីនៅដីវិញ គេនឹងត្រូវវិនាសបង់ដោយដាវ និងសេចក្តីអំណត់អត់ ហើយខ្មោចគេនឹងបានសំរាប់ជាអាហារដល់សត្វហើរលើអាកាស និងដល់សត្វព្រៃនៅផែនដី។
5. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា កុំឲ្យចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ក៏កុំឲ្យទៅយំសោក ឬទួញទំនួញព្រោះគេឡើយ ដ្បិតអញបានដកសេចក្តីសុខរបស់អញ គឺជាសេចក្តីសប្បុរស និងសេចក្តីអាណិតអាសូរ ចេញពីជនជាតិនេះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
6. មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅស្រុកនេះ ឥតមានអ្នកណាកប់ខ្មោចគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេដែរ
7. នឹងគ្មានអ្នកណាកាច់នំបុ័ងក្នុងការសោយសោកនោះ ដើម្បីនឹងកំសាន្តចិត្តពីដំណើរអ្នកដែលស្លាប់សោះ ក៏នឹងគ្មានអ្នកណាជូនពែងរំដោះទុក្ខដល់គេ ដោយព្រោះឪពុក ឬម្តាយគេផង
8. ឯផ្ទះដែលគេកំពុងស៊ីលៀង នោះមិនត្រូវឲ្យឯងចូលទៅអង្គុយស៊ីផឹកជាមួយនឹងគេដែរ
9. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល នៅគ្រាអាយុឯង ហើយនៅចំពោះភ្នែកឯង នោះអញនឹងធ្វើឲ្យសំឡេងរីករាយ និងសំឡេងអរសប្បាយព្រមទាំងសំឡេងប្ដីប្រពន្ធថ្មោងថ្មីបាត់ចេញពីទីនេះទៅ។
10. លុះកាលណាឯងបានប្រាប់ពាក្យទាំងនេះ ដល់ជនជាតិនេះរួចជាស្រេច ហើយគេសួរឯងថា ហេតុអ្វីបានជាព្រះយេហូវ៉ាមានព្រះបន្ទូលពីគ្រប់ទាំងការអាក្រក់យ៉ាងធំនេះទាស់នឹងយើងដូច្នេះ តើយើងមានសេចក្តីទុច្ចរិតណា ឬបានប្រព្រឹត្តអំពើបាបយ៉ាងណា ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃយើង