ម៉ាថាយ 25:23-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ចៅ‌ហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅ‌ហ្វាយ​ឯង​ចុះ

24. ឯ​អ្នក​ដែល​បាន​ទទួល​១​ពាន់ វា​ក៏​ចូល​មក​ជំរាប​ចៅ‌ហ្វាយ​ថា លោក​ចៅ‌ហ្វាយ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង​ណាស់ លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ

25. ដូច្នេះ ខ្ញុំ​នឹក​ខ្លាច ក៏​ទៅ​កប់​ប្រាក់​១​ពាន់​នេះ​ទុក​ក្នុង​ដី ហ៏ ខ្ញុំ​សូម​ប្រគល់​របស់​លោក​ជូន​លោក​វិញ

26. ចៅ‌ហ្វាយ​ក៏​ឆ្លើយ​តប​ថា បាវ​អាក្រក់ ហើយ​ខ្ជិល​ច្រអូស​អើយ បើ​ឯង​ដឹង​ថា អញ​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប‌ព្រោះ ហើយ​ប្រមូល​នៅ​កន្លែង​ដែល​មិន​បាន​អុំ

27. នោះ​គួរ​តែ​ឯង​បាន​យក​ប្រាក់​ទៅ ផ្ញើ​ទុក​នឹង​អ្នក​ចង​ការ​ចុះ លុះ​ដល់​អញ​មក​វិញ នោះ​នឹង​បាន​ប្រាក់​អញ ទាំង​ដើម ទាំង​ការ​ផង

28. ដូច្នេះ ចូរ​ដក​ប្រាក់​១​ពាន់​នោះ​ពី​វា​ចេញ ឲ្យ​ដល់​អ្នក​ដែល​មាន​១​ម៉ឺន​វិញ

29. ដ្បិត​នឹង​ឲ្យ​ដល់​អស់​អ្នក​ដែល​មាន ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ហូត​យក ទាំង​របស់​អ្វី ដែល​អ្នក​នោះ​មាន​ផង

30. ឯ​បាវ​ឥត​ប្រយោជន៍​នោះ ចូរ​បោះ​វា​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។

31. តែ​កាល​ណា​កូន​មនុស្ស​នឹង​មក ក្នុង​សិរី‌ល្អ​របស់​លោក មាន​ទាំង​ពួក​ទេវតា​បរិសុទ្ធ​ទាំង​អស់​គ្នា មក​ជា​មួយ នោះ​លោក​នឹង​ឡើង​គង់​លើ​បល្ល័ង្ក​រុងរឿង​ឧត្តម​របស់​លោក

32. រួច​គ្រប់​ទាំង​សាសន៍​នឹង​ត្រូវ​ប្រមូល​គ្នា នៅ​ចំពោះ​លោក ហើយ​លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​ជា​អ្នក​គង្វាល ដែល​ញែក​ចៀម​ចេញ​ពី​ពពែ​ដែរ

33. រួច​នឹង​ដាក់​ចៀម​នៅ​ខាង​ស្តាំ ហើយ​ពពែ​នៅ​ខាង​ឆ្វេង

34. នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះ‌វរ‌បិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀប‌ចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ៍​មក

35. ពី​ព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង

36. យើង​នៅ​អាក្រាត ហើយ​អ្នក​រាល់​គ្នា​បាន​ស្លៀក‌ពាក់​ឲ្យ​យើង យើង​បាន​ឈឺ ហើយ​អ្នក​រាល់​គ្នា​បាន​មក​សួរ​យើង ក៏​ជាប់​គុក ហើយ​អ្នក​រាល់​គ្នា​បាន​មក​ឯ​យើង

37. នោះ​ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ស្រេក​ឃ្លាន ហើយ​បាន​ថ្វាយ​ទ្រង់​សោយ​ពី​កាល​ណា

38. តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ជា​អ្នក​ដទៃ ហើយ​បាន​ទទួល​ទ្រង់​ពី​កាល​ណា ឬ​ទ្រង់​អាក្រាត ហើយ​បាន​បំពាក់​ថ្វាយ​ទ្រង់​ពី​កាល​ណា

39. តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឈឺ ឬ​ជាប់​គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាល​ណា

40. នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ​គេ​ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ

41. រួច​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​ខាង​ឆ្វេង​ទៀត​ថា ពួក​អ្នក​រាល់​គ្នា​ដែល​ត្រូវ​បណ្តាសា​អើយ ចូរ​ថយ​ពី​អញ​ចេញ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប‌ជានិច្ច ដែល​បាន​រៀប‌ចំ​ទុក​សំរាប់​អារក្ស ហើយ​នឹង​ពួក​ទេវតា​របស់​វា​វិញ

42. ពី​ព្រោះ​អញ​បាន​ឃ្លាន តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​បរិភោគ​ទេ អញ​បាន​ស្រេក តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​ផឹក​ទេ

ម៉ាថាយ 25