14. ឯពួកមនុស្សខ្វាក់ និងមនុស្សខ្វិន គេក៏មកឯទ្រង់ក្នុងព្រះវិហារ ហើយទ្រង់ប្រោសគេឲ្យបានជាទាំងអស់
15. តែពួកសង្គ្រាជ និងពួកអាចារ្យ គេមានចិត្តគ្នាន់ក្នាញ់ណាស់ ដោយបានឃើញការអស្ចារ្យដែលទ្រង់ធ្វើ និងឮកូនក្មេងទាំងប៉ុន្មានស្រែកក្នុងព្រះវិហារថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌដូច្នោះ
16. ហើយគេទូលទ្រង់ថា តើអ្នកឮពាក្យដែលក្មេងទាំងនេះថាឬទេ ព្រះយេស៊ូវទ្រង់ឆ្លើយថា ឮហើយ តើអ្នករាល់គ្នាមិនដែលមើលសេចក្ដីទេឬអី ដែលថា «ទ្រង់បានធ្វើឲ្យសេចក្ដីសរសើរបានគ្រប់លក្ខណ៍ ដោយនូវមាត់កូនក្មេង និងកូនដែលនៅបៅ»
17. រួចទ្រង់លះចោលគេយាងចេញទៅឯភូមិបេថានីទៅ ក៏ផ្ទំនៅទីនោះ១យប់។
18. ដល់ព្រលឹមឡើង កំពុងដែលទ្រង់យាងត្រឡប់ទៅឯទីក្រុងវិញ នោះទ្រង់ក៏ឃ្លាន
19. ទ្រង់ទតឃើញដើមល្វា១តាមផ្លូវ ក៏យាងទៅដល់ ឃើញមានតែស្លឹកទទេ នោះទ្រង់មានព្រះបន្ទូលថា កុំឲ្យឯងមានផ្លែទៀតឡើយ ស្រាប់តែដើមល្វានោះក្រៀមទៅ
20. កាលពួកសិស្សបានឃើញដូច្នោះ នោះគេមានសេចក្ដីអស្ចារ្យថា ដើមល្វានេះក្រៀមទៅជា១រំពេចយ៉ាងណាហ្ន៎