9. តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនចាំពីនំបុ័ង៥ និងមនុស្ស៥ពាន់នាក់ ហើយដែលអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រកនោះទេឬអី
10. ឬពីនំបុ័ង៧ និងមនុស្ស៤ពាន់នាក់ ហើយដែលប្រមូលបានប៉ុន្មានកំប្រោងទេឬអី
11. ហេតុដូចម្តេចបានជាអ្នករាល់គ្នានឹកមិនទាន់ឃើញថា មិនមែនពីនំបុ័ងដែលខ្ញុំប្រាប់ឲ្យប្រយ័ត្ន ពីដំបែរបស់ពួកផារីស៊ី និងពួកសាឌូស៊ីនោះទេ
12. នោះទើបគេបានយល់ថា មិនមែនពីដំបែនំបុ័ង ដែលទ្រង់មានព្រះបន្ទូលប្រាប់ឲ្យគេប្រយ័ត្នទេ គឺពីលទ្ធិរបស់ពួកផារីស៊ី និងពួកសាឌូស៊ីវិញ។
13. កាលព្រះយេស៊ូវ បានយាងមកដល់ក្រវល់ក្រុងសេសារា-ភីលីពហើយ នោះទ្រង់មានព្រះបន្ទូលសាកសួរពួកសិស្សថា តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា
14. ពួកសិស្សទូលឆ្លើយថា ខ្លះថាជាយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាអេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ
15. ទ្រង់មានព្រះបន្ទូលសួរថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា
16. ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់
17. រួចព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ
18. ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ
19. ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក បើអ្នកនឹងចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរ ហើយបើអ្នកនឹងស្រាយអ្វីៗនៅផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ
20. រួចទ្រង់ហាមពួកសិស្ស មិនឲ្យគេប្រាប់ដល់អ្នកណាថា ទ្រង់ជាព្រះគ្រីស្ទឡើយ។
21. តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ