ម៉ាថាយ 10:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​ទ្រង់​បាន​ហៅ​ពួក​សិស្ស​ទាំង​១២​នាក់​មក​ហើយ នោះ​ក៏​ប្រទាន​ឲ្យ​គេ​មាន​អំណាច អាច​នឹង​ដេញ​អារក្ស‌អសោច ហើយ​នឹង​មើល​គ្រប់​ទាំង​ជំងឺ​រោគា និង​ជរា​ពិការ​ទាំង​អស់​ឲ្យ​បាន​ជា​ផង

2. រីឯ​ពួក​សាវក​ទាំង​១២​នាក់ នោះ​ដូច​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ​ស្រាប់ គឺ​មុន​ដំបូង​មាន​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស​១ អនទ្រេ ជា​ប្អូន​គាត់​១ យ៉ាកុប ជា​កូន​សេបេដេ​១ និង​យ៉ូហាន ជា​ប្អូន​គាត់​១

3. ភីលីព​១ បារថូ‌ល៉ូមេ​១ ថូម៉ាស​១ ម៉ាថាយ ជា​អ្នក​យក​ពន្ធ​១ យ៉ាកុប ជា​កូន​អាល់‌ផាយ​១ លេបេ ដែល​ហៅ​ថា​ថាដេ​១

4. ស៊ីម៉ូន ជា​សាសន៍​កាណាន​១ ហើយ​នឹង​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។

5. ព្រះ‌យេស៊ូវ ទ្រង់​ចាត់​ពួក​១២​នាក់​នេះ ឲ្យ​ទៅ ដោយ​ផ្តាំ​ថា កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​ផ្លូវ​របស់​សាសន៍​ដទៃ ឬ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា​១​របស់​សាសន៍​សា‌ម៉ា‌រី​ឡើយ

6. ចូរ​ទៅ​ឯ​ចៀម​បាត់‌បង់ របស់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រា‌អែល​វិញ

7. ហើយ​កំពុង​ដែល​ទៅ នោះ​ចូរ​ប្រកាស​ប្រាប់​ថា នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ

8. ចូរ​ប្រោស​មនុស្ស​ជំងឺ​ឲ្យ​ជា មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត ហើយ​ដេញ​អារក្ស​ចេញ​ផង អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ

9. កុំ​ឲ្យ​យក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ខ្សែ​ក្រវាត់​របស់​អ្នក​ទៅ​ឡើយ

10. ក៏​កុំ​ឲ្យ​យក​យាម​សំរាប់​តាម​ផ្លូវ ឬ​អាវ​២ ស្បែក​ជើង ឬ​ដំបង​ផង ដ្បិត​អ្នក​ដែល​ធ្វើ​ការ នោះ​គួរ​នឹង​បាន​អាហារ​ចិញ្ចឹម​ខ្លួន

11. នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ​ដែល​គេ​គួរ រួច​ឲ្យ​នៅ​ផ្ទះ​អ្នក​នោះ ដរាប​ដល់​អ្នក​ចេញ​ទៅ

12. កាល​ណា​ចូល​ទៅ ក៏​ត្រូវ​ជំរាប​សួរអ្នក​ផ្ទះ​នោះ​ដែរ

13. បើ​អ្នក​ផ្ទះ​នោះ​គេ​គួរ នោះ​ចូរ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​នោះ​ចុះ តែ​បើ​មិន​គួរ​ទេ នោះ​ត្រូវ​ឲ្យ​សេចក្ដី​សុខ​សាន្ត​ត្រឡប់​មក​លើ​អ្នក​រាល់​គ្នា​វិញ

14. បើ​អ្នក​ណា​មិន​ទទួល ឬ​មិន​ស្តាប់​តាម​ពាក្យ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចុះ​ពី​ផ្ទះ​នោះ ឬ​ចេញ​ពី​ក្រុង​នោះ រួច​រលាស់​ធូលី​ពី​ជើង​អ្នក​ចេញ

15. ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ​វិញ។

16. នែ ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ចៀម​នៅ​កណ្តាល​ហ្វូង​ស្វាន ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ឆ្លាត​ដូច​ជា​ពស់ ហើយ​សុភាព​ដូច​ព្រាប

17. ត្រូវ​ឲ្យ​ប្រយ័ត្ន​នឹង​មនុស្ស​លោក ដ្បិត​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ក្រុម‌ជំនុំ ហើយ​នឹង​វាយ​អ្នក​រាល់​គ្នា​នឹង​រំពាត់ នៅ​ក្នុង​សាលា​ប្រជុំ

ម៉ាថាយ 10