ម៉ាកុស 8:14-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ឯ​ពួក​សិស្ស គេ​ភ្លេច​យក​នំបុ័ង​ទៅ នៅ​ជាប់​តែ​១​ដុំ​ក្នុង​ទូក​ប៉ុណ្ណោះ

15. ទ្រង់​ក៏​ផ្តាំ​គេ​ថា ចូរ​ប្រុង​មើល​ហើយ​ប្រយ័ត្ន​នឹង​ដំបែរ​របស់​ពួក​ផារី‌ស៊ី និង​របស់​ហេរ៉ូឌ ឲ្យ​មែន‌ទែន

16. គេ​រិះ‌គិត​គ្នា​ថា គឺ​ពី​ព្រោះ​យើង​គ្មាន​នំបុ័ង​ទេ​ដឹង

17. កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​ថា ពី​ព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬ​អី តើ​មាន​ចិត្ត​រឹង‌រូស​ឬ​អី

18. អ្នក​រាល់​គ្នា​មាន​ភ្នែក តើ​មើល​មិន​ឃើញ មាន​ត្រចៀក តើ​ស្តាប់​មិន​ឮ ហើយ​មិន​ចាំ​ទេ​ឬ​អី

19. ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង​៥​ឲ្យ​ដល់​៥​ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន​១២

20. ហើយ​កាល​កាច់​នំបុ័ង​៧​ឲ្យ​ដល់​៤​ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន​៧

21. នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត។

22. ទ្រង់​ក៏​យាង​មក​ដល់​ក្រុង​បេតសៃដា រួច​មាន​គេ​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​ទូល​អង្វរ​ឲ្យ​ទ្រង់​ពាល់​គាត់

23. ទ្រង់​ក៏​ចាប់​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ទៅ​ក្រៅ​ភូមិ រួច​ស្តោះ​ដាក់​ភ្នែក​គាត់ ហើយ​ដាក់​ព្រះ‌ហស្ត​លើ ព្រម​ទាំង​សួរ​បើ​គាត់​ឃើញ​អ្វី​ឬ​ទេ

24. គាត់​ក៏​ងើប​ភ្នែក​ឡើង​ទូល​ឆ្លើយ​ថា ខ្ញុំ​ឃើញ​មនុស្ស​ដើរ មើល​ទៅ​ដូច​ជា​ដើម​ឈើ

ម៉ាកុស 8