6. ទ្រង់ក៏អស្ចារ្យពីដំណើរដែលគេមិនជឿ រួចទ្រង់យាងទៅបង្រៀនក្នុងអស់ទាំងភូមិនៅជុំវិញទៅ។
7. ទ្រង់ហៅពួក១២នាក់មក ចាប់តាំងចាត់ឲ្យគេទៅ២នាក់ៗ ទ្រង់ប្រទានឲ្យមានអំណាចលើអស់ទាំងអារក្សអសោចផង
8. ក៏ហាមមិនឲ្យយកអ្វីសំរាប់តាមផ្លូវសោះ លើកតែដំបង១ប៉ុណ្ណោះ ឥតយកយាម នំបុ័ង ឬប្រាក់ដាក់ក្នុងខ្សែក្រវាត់ទេ
9. ពាក់បានតែស្បែកជើងសង្រែក ឥតពាក់អាវ២ឡើយ
10. រួចមានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរឲ្យនៅផ្ទះនោះទាល់តែដើរចេញហួសទៅ
11. ឯអស់អ្នកណាដែលមិនទទួល ឬស្តាប់អ្នករាល់គ្នា នោះកាលណាដើរចេញពីទីនោះ ត្រូវរលាស់ធូលីពីបាតជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំម ហើយក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះ
12. កាលពួកសិស្សបានចេញទៅ នោះគេប្រកាសប្រាប់ឲ្យមនុស្សប្រែចិត្តឡើង
13. ក៏បណ្តេញអារក្សជាច្រើន ហើយលាបប្រេងឲ្យមនុស្សជំងឺជាច្រើនបានជាដែរ។
14. ដំណឹងនោះក៏ឮដល់ស្តេចហេរ៉ូឌ ដ្បិតព្រះនាមទ្រង់កាន់តែល្បីសុសសាយទៅ ហើយស្តេចមានព្រះបន្ទូលថាច្បាស់ជាយ៉ូហាន-បាទីស្ទ បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីសំដែងមក ដោយសារគាត់ដូច្នេះ
15. តែអ្នកខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរា ឬដូចជាហោរាណាមួយ
16. ប៉ុន្តែ កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានព្រះបន្ទូលថា នោះគឺជាយ៉ូហានដែលយើងបានកាត់ក្បាលទេ គាត់បានរស់ពីស្លាប់ឡើងវិញហើយ
17. ដ្បិតគឺស្តេចហេរ៉ូឌនេះឯង ដែលបានប្រើគេទៅចាប់ចងលោកយ៉ូហានដាក់គុក ដោយព្រោះហេរ៉ូឌាស ជាភរិយារបស់ភីលីព អនុជទ្រង់ ព្រោះស្តេចបានយកនាងនោះមកធ្វើជាភរិយារបស់ខ្លួនវិញ
18. ហើយលោកយ៉ូហានបានទូលទាស់ថា ទ្រង់គ្មានច្បាប់នឹងយកភរិយារបស់អនុជទ្រង់ទេ
19. ឯនាងហេរ៉ូឌាស ក៏ចងគំនុំចង់សំឡាប់លោក តែមិនបានឱកាសសោះ
20. ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែ បានស្តាប់លោកដោយអំណរ
21. លុះថ្ងៃ១ជាថ្ងៃមានឱកាសស្រួល គឺថ្ងៃចំរើនព្រះជន្មស្តេចហេរ៉ូឌ កាលទ្រង់រៀបជប់លៀងពួកមន្ត្រី ពួកមេទ័ពធំ និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ
22. នោះកូនស្រីរបស់ហេរ៉ូឌាសបានចូលមករាំ ជាទីនាំឲ្យគាប់ព្រះទ័យដល់ស្តេចហេរ៉ូឌ និងពួកភ្ញៀវណាស់ ទ្រង់ក៏មានព្រះបន្ទូលថា របស់អ្វីដែលនាងចង់បាន ចូរសូមពីយើងចុះ យើងនឹងឲ្យ