បរិទេវ 3:55-65 ព្រះគម្ពីរបរិសុទ្ធ (KHOV)

55. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ ពី​ក្នុង​ទី​ជំរៅ​នៃ​គុក​ងងឹត

56. ទ្រង់​ក៏​ឮ​សំឡេង​របស់​ទូល‌បង្គំ សូម​កុំ​គេច​ព្រះ‌កាណ៌​ទ្រង់​ចេញ​ពី​ដំងូរ និង​សំរែក​របស់​ទូល‌បង្គំ​ឡើយ

57. នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ នោះ​ទ្រង់​បាន​យាង​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ខ្លាច​ឡើយ

58. ឲ្យ​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​កាន់​ក្តី​នៃ​ព្រលឹង​ទូល‌បង្គំ​ហើយ ទ្រង់​បាន​លោះ​ជីវិត​របស់​ទូល‌បង្គំ​ផង

59. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ការ​កំហុស​ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ទ្រង់​ជំនុំ​ជំរះ​ក្តី​របស់​ទូល‌បង្គំ​ចុះ

60. ទ្រង់​បាន​ឃើញ​ការ​សង‌សឹក​ទាំង​ប៉ុន្មាន​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​ធ្វើ​ដល់​ទូល‌បង្គំ​ដែរ

61. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឮ​ពាក្យ​ប្រមាថ​របស់​គេ និង​អស់​ទាំង​កិច្ច‌កល​ដែល​គេ​គិត​ធ្វើ​ដល់​ទូល‌បង្គំ​ហើយ

62. ក៏​ឮ​ពាក្យ​សំដី​របស់​ពួក​អ្នក​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ហើយ​ជ្រាប​ការ​ដែល​គេ​គិត​ប្រទូស្ត​នឹង​ទូល‌បង្គំ​ជានិច្ច​ដែរ

63. សូម​ទ្រង់​ទត​ក្នុង​កាល​ដែល​គេ​អង្គុយ​ចុះ ហើយ​ក្រោក​ឡើង​ផង ទូល‌បង្គំ​ជា​បទ​ចំរៀង​របស់​គេ​ហើយ

64. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​សង​គេ​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ

65. ទ្រង់​នឹង​បណ្តាល​ឲ្យ​ចិត្ត​គេ​រឹង‌រូស គឺ​ជា​សេចក្តី​បណ្តាសា​ដល់​គេ

បរិទេវ 3