6. ឯស្តេចទ្រង់មានព្រះបន្ទូលមកខ្ញុំ កំពុងដែលអគ្គមហេសីគង់នៅក្បែរទ្រង់ថា តើអ្នកចង់ទៅជាយូរប៉ុន្មាន កាលណានឹងត្រឡប់មកវិញ ដូច្នេះ ស្តេចទ្រង់សព្វព្រះទ័យនឹងចាត់ឲ្យខ្ញុំទៅ ហើយខ្ញុំក៏កំណត់ពេលថ្វាយទ្រង់ជ្រាប
7. មួយទៀត ខ្ញុំបានទូលដល់ស្តេចថា បើព្រះករុណាសព្វព្រះទ័យ នោះសូមឲ្យទូលបង្គំបានព្រះរាជសាសន៍កាន់យកទៅ ជូនពួកចៅហ្វាយខេត្តនៅខាងនាយទន្លេ ឲ្យលោកបានបើកឲ្យទូលបង្គំឆ្លងទៅ រហូតដល់ស្រុកយូដា
8. និងព្រះរាជសាសន៍មួយច្បាប់ដល់អេសាភ ជាមេព្រៃហ្លួង ឲ្យលោកបានបើកឈើដល់ទូលបង្គំ សំរាប់ធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ និងទ្វារកំផែងនៃទីក្រុង ហើយសំរាប់ផ្ទះ ដែលទូលបង្គំត្រូវអាស្រ័យនៅផង ស្តេចក៏អនុញ្ញាតឲ្យ តាមដែលព្រះហស្តល្អរបស់ព្រះនៃខ្ញុំបានសណ្ឋិតលើខ្ញុំ
9. រួចមកខ្ញុំបានទៅដល់ពួកចៅហ្វាយ នៅខាងនាយទន្លេ ជូនព្រះរាជសាសន៍នោះដល់គេ ឯស្តេចទ្រង់បានចាត់មេទ័ព និងទ័ពសេះ ឲ្យទៅជាមួយនឹងខ្ញុំដែរ
10. ដូច្នេះ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា សាសន៍អាំម៉ូន ជាអ្នកជំនិតលោកបានឮហើយ សេចក្តីនោះក៏នាំឲ្យទំនាស់ចិត្តគេជាខ្លាំង ដោយព្រោះមានមនុស្សមក បំរុងឲ្យពួកកូនចៅអ៊ីស្រាអែលបានសណ្ឋានល្អឡើង។
11. យ៉ាងនោះ ខ្ញុំបានមកដល់ក្រុងយេរូសាឡិម ក៏នៅទីនោះអស់៣ថ្ងៃ
12. រួចខ្ញុំ និងអ្នកខ្លះឯទៀតក៏ក្រោកឡើងជាមួយគ្នានៅពេលយប់ តែខ្ញុំមិនបានប្រាប់ឲ្យអ្នកណាដឹង ពីការដែលព្រះនៃខ្ញុំ ទ្រង់បានបណ្តាលចិត្តខ្ញុំឲ្យធ្វើសំរាប់ក្រុងយេរូសាឡិមឡើយ ក៏គ្មានសត្វណានៅជាមួយនឹងខ្ញុំដែរ លើកតែសត្វមួយដែលខ្ញុំជិះប៉ុណ្ណោះ
13. ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារច្រកភ្នំ ដំរង់ទៅឯអណ្តូងនាគ ដល់ទ្វារសំរាម ពិនិត្យមើលកំផែងក្រុងយេរូសាឡិម ដែលបាក់បែក និងទ្វារទាំងប៉ុន្មានដែលឆេះហើយ
14. រួចខ្ញុំក៏ហួសទៅដល់ទ្វារក្បាលទឹក និងស្រះហ្លួង តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះដើរទៅបានទេ
15. ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទឹក បានពិនិត្យមើលកំផែងទាំងយប់ រួចវិលទៅចូលតាមទ្វារច្រកភ្នំយ៉ាងនោះបានដល់ផ្ទះវិញ