7. រួចទ្រង់ប្រាប់ថា ចូរដាក់ដៃចូលទៅលើទ្រូងម្តងទៀត លោកក៏ដាក់ចូលទៅ រួចដកចេញមក ហើយមើល ដៃបានត្រឡប់ទៅដូចជាធម្មតាដើមវិញ
8. ទ្រង់មានព្រះបន្ទូលថា បើគេមិនជឿឯង ហើយមិនស្តាប់តាមទីសំគាល់មុន នោះគេនឹងជឿដោយសារទីសំគាល់ក្រោយនេះដែរ
9. តែបើគេមិនជឿទីសំគាល់ទាំង២នេះទេ ហើយមិនព្រមស្តាប់តាមឯងផង នោះត្រូវឲ្យយកទឹកទន្លេមកចាក់លើដីគោក រួចទឹកដែលឯងយកពីទន្លេមក នោះនឹងត្រឡប់ទៅជាឈាមនៅលើដីវិញ។
10. ម៉ូសេទូលទៅព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានព្រះបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង