7. ត្រូវយកប្រេងមកចាក់លើក្បាល តាំងលោកឡើង
8. រួចត្រូវនាំកូនលោកចូលមកបំពាក់អាវខ្លីឲ្យ
9. ព្រមទាំងយកខ្សែក្រវាត់មកក្រវាត់ឲ្យអើរ៉ុន និងកូនលោកផង រួចជួតឈ្នួតឲ្យគេដែរ នោះការងារជាសង្ឃ នឹងបានជារបស់ផងគេ ជាច្បាប់សំរាប់នៅអស់កល្បជានិច្ច គឺយ៉ាងនោះឯងដែលត្រូវតាំងអើរ៉ុន ហើយនឹងពួកកូនលោកឡើង។
10. រួចត្រូវនាំគោឈ្មោលមក នៅមុខត្រសាលជំនុំ ហើយអើរ៉ុន និងកូនលោក ត្រូវដាក់ដៃលើក្បាលគោនោះ
11. ត្រូវសំឡាប់គោនោះនៅត្រង់មាត់ទ្វារត្រសាលជំនុំ នៅចំពោះព្រះយេហូវ៉ា
12. ហើយយកម្រាមដៃជ្រលក់ចុះក្នុងឈាមនោះខ្លះប្រឡាក់នៅស្នែងអាសនា រួចត្រូវចាក់ឈាមទាំងអស់នៅជើងអាសនា
13. ត្រូវយកខ្លាញ់ទាំងអស់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ និងខ្លាញ់ដែលរុំអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា
14. តែសាច់ និងស្បែក ហើយនឹងលាមកទាំងប៉ុន្មាន នោះត្រូវយកទៅខាងក្រៅទីដំឡើងត្រសាលដុតនៅទីនោះទៅ នោះហើយជាដង្វាយលោះបាប។
15. ត្រូវឲ្យយកចៀមឈ្មោល១មក ហើយអើរ៉ុន និងកូនលោកត្រូវដាក់ដៃលើក្បាលចៀមនោះ
16. ត្រូវសំឡាប់ចៀមនោះ យកឈាមទៅប្រោះនៅគ្រប់ជុំវិញលើអាសនា
17. រួចត្រូវកាប់ជាដុំៗ ហើយលាងអាការៈខាងក្នុងទាំងប៉ុន្មាន និងផើងផង យកទៅដាក់លើដុំសាច់ហើយនឹងក្បាល
18. រួចដុតទាំងអស់នៅលើអាសនា នោះហើយជាដង្វាយដុតថ្វាយព្រះយេហូវ៉ា គឺជាដង្វាយដុតនឹងភ្លើងសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
19. ត្រូវយកចៀម១ទៀតនោះមក ហើយត្រូវឲ្យអើរ៉ុន និងកូនលោកដាក់ដៃលើក្បាល
20. រួចសំឡាប់យកឈាមខ្លះទៅលាបនៅលើទងត្រចៀកស្តាំអើរ៉ុន ហើយលើទងត្រចៀកស្តាំនៃពួកកូនលោកដែរ លើមេដៃស្តាំ ហើយលើមេជើងស្តាំទាំងអស់គ្នា រួចប្រោះឈាមទាំងអស់ទៅគ្រប់លើអាសនាជុំវិញ
21. ត្រូវឲ្យយកឈាមខ្លះដែលនៅលើអាសនា និងប្រេងទៅប្រោះលើអើរ៉ុន លើសំលៀកបំពាក់លោក លើពួកកូនលោក និងសំលៀកបំពាក់ពួកកូនលោកផង នោះលោកនឹងបានបរិសុទ្ធ ព្រមទាំងសំលៀកបំពាក់ ហើយពួកកូនលោក និងសំលៀកបំពាក់របស់គេដែរ
22. ត្រូវយកខ្លាញ់ចៀមនោះ ព្រមទាំងកន្ទុយ និងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ និងខ្លាញ់ដែលរុំនៅអង្គញ់នោះ ហើយនឹងស្មាស្តាំផង ដ្បិតនេះជាចៀមសំរាប់បុណ្យតាំងជាសង្ឃ
23. ហើយត្រូវយកនំបុ័ង១ដុំ នំលាយប្រេង១ និងនំក្រៀប១ ពីនំឥតដំបែដែលនៅក្នុងកញ្ច្រែងនៅចំពោះព្រះយេហូវ៉ា
24. ទៅដាក់បាតដៃអើរ៉ុន ហើយបាតដៃនៃកូនលោក គ្រវីនំទាំងនោះទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
25. រួចត្រូវយកទាំងអស់ពីដៃគេចេញទៅដុតនៅលើដង្វាយ ដែលកំពុងតែថ្វាយនៅលើអាសនា សំរាប់ជាក្លិនឈ្ងុយថ្វាយព្រះយេហូវ៉ា នោះហើយជាដង្វាយដុតថ្វាយព្រះយេហូវ៉ា