6. តែលោកតោះតើយ និងចង់ចាប់ម៉ាដេកាយតែ១ប៉ុណ្ណោះ ដ្បិតគេបានជំរាបឲ្យលោកជ្រាបពីសាសន៍របស់ម៉ាដេកាយហើយ បានជាលោករកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់បង់ ដែលមាននៅពេញក្នុងនគររបស់អ័ហាស៊ូរុសទាំងមូលវិញ គឺជាជាតិរបស់ម៉ាដេកាយទាំងប៉ុន្មាន។
7. រីឯនៅឆ្នាំ១២ក្នុងរាជ្យអ័ហាស៊ូរុស គឺនៅខែទី១ ជាខែចេត្រ នោះគេវាយលេខតាមរបៀន «ពោរ» នៅមុខហាម៉ាន ដេញរកថ្ងៃខែ ទៅទល់នឹងខែ១២ ទើបត្រូវ គឺជាខែផល្គុន
8. នោះហាម៉ានទូលដល់ស្តេចអ័ហាស៊ូរុសថា មានសាសន៍១ ដែលខ្ចាត់ខ្ចាយនៅកណ្តាលសាសន៍ទាំងប៉ុន្មាន ក្នុងគ្រប់ទាំងអាណាខេត្តរបស់ទ្រង់ គេមានច្បាប់ខុសពីច្បាប់នៃសាសន៍ទាំងអស់ ក៏មិនកាន់តាមច្បាប់របស់ព្រះករុណាផង ដូច្នេះ មិនគួរឲ្យព្រះករុណាទុកឲ្យគេនៅទៀតទេ
9. បើសិនជាព្រះករុណាទ្រង់សព្វព្រះទ័យ នោះសូមទ្រង់បង្គាប់ឲ្យមានច្បាប់កត់ទុក ឲ្យបំផ្លាញពួកនោះចេញ យ៉ាងនោះទូលបង្គំនឹងប្រគល់ប្រាក់១ម៉ឺនហាបទៅក្នុងឃ្លាំងហ្លួងទាំងប៉ុន្មាន សំរាប់ពួកអ្នកដែលចាត់ចែងការនោះ
10. ដូច្នោះ ស្តេចទ្រង់ដោះព្រះទំរង់ពីព្រះហស្តប្រគល់ដល់ហាម៉ាន ជាកូនហាំម្តាថា សាសន៍អ័កាក់ ជាខ្មាំងសត្រូវពួកយូដា
11. ដោយព្រះបន្ទូលថា ប្រាក់នោះយើងបានអនុញ្ញាតឲ្យអ្នកហើយ ព្រមទាំងសាសន៍នោះផង ដើម្បីឲ្យអ្នកធ្វើដល់គេ តាមតែគិតឃើញថាល្អចុះ។
12. នៅថ្ងៃ១៣ខែចេត្រ គេបានហៅពួកស្មៀនហ្លួងមក កត់គ្រប់ទាំងសេចក្ដីដែលហាម៉ានបង្គាប់ដល់ពួកចៅហ្វាយខេត្តរបស់ស្តេច ពួកចៅហ្វាយដែលត្រួតនៅគ្រប់តែស្រុក និងពួកមេនៃគ្រប់ទាំងសាសន៍ គឺដល់គ្រប់ខេត្តតាមអក្សរជាតិរបស់គេ ហើយដល់គ្រប់សាសន៍ តាមភាសារបស់គេ ច្បាប់នោះបានកត់ទុកដោយនូវព្រះនាមស្តេចអ័ហាស៊ូរុស ក៏បោះត្រាដោយព្រះទំរង់របស់ស្តេចដែរ