10. រីឯអគ្គមហេសី ព្រះនាងក៏យាងចូលទៅក្នុងរោងលៀង ដោយឮព្រះបន្ទូលនៃស្តេច និងពួកសេនាបតីរបស់ទ្រង់ ព្រះនាងទូលដល់ស្តេចថា បពិត្រព្រះករុណាសូមទ្រង់មានព្រះជន្មចំរើននៅជាយឺនយូរ សូមកុំឲ្យគំនិតទ្រង់នាំឲ្យមានព្រះទ័យវិតក្កឡើយ ក៏កុំឲ្យព្រះភក្ត្រទ្រង់ផ្លាស់ប្រែទៅដូច្នេះដែរ
11. ដ្បិតនៅក្នុងនគរទ្រង់ មានមនុស្សម្នាក់ឈ្មោះដានីយ៉ែល ជាអ្នកដែលមានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅ ហើយនៅក្នុងរាជ្យនៃព្រះបិតាទ្រង់ នោះឃើញមានពន្លឺ និងយោបល់ ព្រមទាំងប្រាជ្ញា ដូចជាប្រាជ្ញារបស់ពួកព្រះនៅក្នុងអ្នកនោះ រីឯស្តេចនេប៊ូក្នេសា បិតាទ្រង់ ក៏បានតាំងអ្នកនោះឡើង ជាអធិបតីលើពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងពួកគ្រូទាយ អើ គឺជាស្តេច ជាបិតាទ្រង់នោះឯង ដែលតាំងគេ
12. ពីព្រោះឃើញថា មានវិញ្ញាណយ៉ាងវិសេស មានដំរិះ និងយោបល់ ក៏មានចំណេះចេះកាត់ស្រាយសប្តិ និងដោះស្រាយប្រស្នា ហើយកែសេចក្ដីដ៏ជ្រាលជ្រៅ នៅក្នុងខ្លួនអ្នកនោះ ដែលស្តេចទ្រង់ប្រទានឈ្មោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមកឥឡូវ លោកនឹងបកប្រែសេចក្ដីថ្វាយទ្រង់។
13. ដូច្នេះ គេក៏នាំដានីយ៉ែលចូលមក ចំពោះស្តេចហើយស្តេចទ្រង់មានព្រះបន្ទូលទៅដានីយ៉ែលថា តើលោកជាឈ្មោះដានីយ៉ែលនោះ នៅក្នុងពួកឈ្លើយសាសន៍យូដាដែលស្តេច ជាបិតាយើង បានដឹកនាំចេញពីស្រុកយូដាមកឬអី
14. យើងបានឮនិយាយពីលោកថា មានវិញ្ញាណនៃពួកព្រះសណ្ឋិតលើលោក ហើយថាមានពន្លឺ យោបល់ និងប្រាជ្ញាស្រួចស្រាល់នៅក្នុងខ្លួនលោក
15. រីឯពួកអ្នកប្រាជ្ញ និងពួកគ្រូអង្គុយធម៌បានចូលមកចំពោះយើង ដើម្បីឲ្យបានអានមើលអក្សរនេះ ហើយនឹងប្រែន័យសេចក្ដីមកឲ្យស្តាប់បាន តែគេមិនអាចនឹងប្រែបានទេ
16. ប៉ុន្តែចំណែកលោក យើងបានឮថា លោកប៉ិនប្រសប់នឹងប្រែសេចក្ដី ហើយកែន័យដ៏ជ្រាលជ្រៅបាន ឥឡូវនេះ បើលោកអាចនឹងមើលអក្សរនេះ ហើយប្រែន័យសេចក្ដីឲ្យយើងស្តាប់បាន នោះលោកនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅកផង ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ។
17. នោះដានីយ៉ែល លោកទូលតបនឹងស្តេចថា ឯអំណោយទានរបស់ព្រះករុណា សូមទុកសំរាប់ព្រះអង្គទ្រង់ ហើយសូមប្រទានរង្វាន់ដល់អ្នកដទៃទៀតចុះ ប៉ុន្តែចំណែកទូលបង្គំៗនឹងអានមើលអក្សរនេះ ថ្វាយទ្រង់ព្រះករុណា ហើយនឹងបកប្រែថ្វាយទ្រង់ជ្រាបផង