4. ក្នុងវេលាដែលញែកខ្លួនចេញដូច្នេះ នោះមិនត្រូវបរិភោគអ្វី ដែលធ្វើពីទំពាំងបាយជូរឡើយ ចាប់តាំងពីគ្រាប់ទៅដល់សំបកផង
5. នៅវេលាដែលញែកខ្លួនដោយបន់បំណន់ នោះមិនត្រូវទាំងឲ្យកាំបិតមកប៉ះសក់ផង ត្រូវឲ្យបានបរិសុទ្ធ ដរាបដល់បានសំរេចកំណត់ដែលញែកខ្លួនចេញថ្វាយដល់ព្រះយេហូវ៉ា គឺត្រូវទុកឲ្យសក់ដុះវែង
6. នៅវេលាដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា នោះមិនត្រូវទៅជិតខ្មោចស្លាប់ណាមួយឡើយ
7. គឺមិនត្រូវឲ្យខ្លួនសៅហ្មងដោយព្រោះឪពុកម្តាយ ឬបងប្អូនប្រុសស្រី ក្នុងកាលដែលគេស្លាប់នោះឡើយ ដ្បិតជាប់ការញែកខ្លួនចេញថ្វាយព្រះហើយ
8. នៅវេលាដែលញែកខ្លួនចេញ នោះតែងជាបរិសុទ្ធដល់ព្រះយេហូវ៉ាជានិច្ច
9. បើមានមនុស្សណាស្លាប់ភ្លាម១រំពេចនៅជិតខ្លួន ធ្វើឲ្យខូចការញែកខ្លួនចេញ នោះត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានញែកជាស្អាតវិញ គឺត្រូវកោរសក់នៅថ្ងៃទី៧
10. រួចដល់ថ្ងៃទី៨ ត្រូវយកលលក២ ឬព្រាបជំទើរ២ ទៅប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ
11. ត្រូវឲ្យសង្ឃថ្វាយ១ជាដង្វាយលោះបាប ហើយ១ទៀតជាដង្វាយដុត ដើម្បីឲ្យធួននឹងអ្នកនោះ ដោយព្រោះកំហុស ដែលបានធ្វើពីដំណើរខ្មោចស្លាប់នោះ ព្រមទាំងញែកអ្នកនោះចេញជាបរិសុទ្ធនៅថ្ងៃនោះឯង
12. រួចត្រូវឲ្យអ្នកនោះបន់កំណត់ពេលវេលា ដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា ជាថ្មីទៀត ហើយត្រូវយកកូនចៀម អាយុ១ខួប មកសំរាប់ជាដង្វាយ ដោយព្រោះការរំលង ដ្បិតថ្ងៃមុនទាំងប៉ុន្មានបានសាបសូន្យហើយ ពីព្រោះបានខូចសេចក្ដីបរិសុទ្ធខ្លួនហើយ។