2. បាឡាកទ្រង់ក៏ធ្វើដូចជាបាឡាមបានថា នោះបាឡាកហើយនឹងបាឡាមក៏ថ្វាយគោ និងចៀមមួយៗនៅលើអាសនាទាំងនោះ
3. រួចបាឡាមគាត់ទូលទៅបាឡាកថា សូមទ្រង់ឈរនៅជិតដង្វាយទ្រង់នេះចុះ ទូលបង្គំនឹងទៅ ប្រហែលជាព្រះយេហូវ៉ានឹងយាងមកជួបនឹងទូលបង្គំ បើសេចក្ដីណាដែលទ្រង់បង្ហាញមកទូលបង្គំ នោះទូលបង្គំនឹងនាំមកទូលដល់ទ្រង់ រួចគាត់ក៏ឡើងទៅឯទីខ្ពស់
4. ឯព្រះទ្រង់ក៏មកជួបនឹងបាឡាម រួចគាត់ទូលទ្រង់ថា ទូលបង្គំបានរៀបចំអាសនាទាំង៧ ហើយបានថ្វាយគោ និងចៀមមួយៗ នៅលើអាសនាទាំងនោះ
5. នោះព្រះយេហូវ៉ា ទ្រង់ដាក់ព្រះបន្ទូលនៅក្នុងមាត់បាឡាម ហើយប្រាប់ថា ចូរត្រឡប់ទៅឯបាឡាកវិញទៅ ហើយត្រូវនិយាយដូច្នេះ
6. គាត់ក៏ត្រឡប់ទៅឯបាឡាក ឃើញទ្រង់កំពុងតែឈរនៅជិតដង្វាយរបស់ទ្រង់នៅឡើយ មានអស់ទាំងមេរបស់សាសន៍ម៉ូអាប់នៅជាមួយ
7. រួចគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា បាឡាកជាស្តេចនៃសាសន៍ម៉ូអាប់ ទ្រង់បាននាំខ្ញុំពីស្រុកអើរ៉ាមមក គឺពីស្រុកភ្នំទិសខាងកើត ដោយប្រាប់ថា ចូរមក ចូរដាក់បណ្តាសាដល់ពួកយ៉ាកុបឲ្យអញ ហើយថា ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ
8. តែធ្វើដូចម្តេចឲ្យខ្ញុំដាក់បណ្តាសាដល់អ្នកណា ដែលព្រះទ្រង់មិនបានដាក់បណ្តាសាទៅកើត ហើយធ្វើដូចម្តេចឲ្យខ្ញុំប្រកួតនឹងអ្នកណា ដែលព្រះយេហូវ៉ាមិនបានប្រកួតចំពោះគេបាន
9. ដ្បិតខ្ញុំបានឃើញគេពីលើកំពូលថ្មដា ខ្ញុំបានរំពឹងមើលគេពីលើភ្នំទាំងប៉ុន្មាន មើលសាសន៍នេះគេនៅតែដោយពួកគេទេ គេមិនបានរាប់បញ្ចូល ក្នុងនគរទាំងប៉ុន្មានឡើយ