9. ប៉ាលធីជាកូនរ៉ាភូរ ក្នុងពូជអំបូរបេនយ៉ាមីន១
10. កាឌាលជាកូនសូឌី ក្នុងពូជអំបូរសាប់យូល៉ូន១
11. កាឌីជាកូនស៊ូស៊ី ក្នុងពូជអំបូរយ៉ូសែប គឺក្នុងពូជអំបូរម៉ាន៉ាសេ១
12. អាំមាលជាកូនកេម៉ាលី ក្នុងពូជអំបូរដាន់១
13. សេធើរជាកូនមីកែល ក្នុងពូជអំបូរអេស៊ើរ១
14. ណាស់ប៊ីជាកូនវ៉ុបស៊ី ក្នុងពូជអំបូរណែបថាលី១
15. កេអួលជាកូនម៉ាគី ក្នុងពូជអំបូរកាឌ់១
16. នេះហើយជាឈ្មោះនៃពួកអ្នកដែលម៉ូសេបានចាត់ឲ្យទៅសង្កេតមើលក្នុងស្រុក ហើយម៉ូសេក៏ហៅហូសេ ជាកូននុនថា យ៉ូស្វេវិញ។
17. ម៉ូសេចាត់អ្នកទាំងនោះ ឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយពាក្យថា ត្រូវចូលទៅតាមផ្លូវពីខាងត្បូងនេះ ឡើងទៅឯស្រុកភ្នំ
18. ហើយសង្កេតមើលស្រុកនោះ តើជាយ៉ាងណា ព្រមទាំងមនុស្សដែលនៅស្រុកនោះផង តើជាខ្លាំងឬខ្សោយ ច្រើនឬតិច
19. ហើយស្រុកដែលគេនៅនោះ តើល្អ ឬអាក្រក់ និងទីលំនៅទាំងប៉ុន្មានរបស់គេ តើជាយ៉ាងណា សុទ្ធតែជារោងត្រសាល ឬជាទីក្រុងដ៏មាំមួន
20. ហើយនឹងដីនៅស្រុកនោះ តើកើតផលជាបរិបូរ ឬគ្មាន មានព្រៃដែរឬទេ ចូរឲ្យឯងរាល់គ្នាមានចិត្តក្លាហាន ហើយនាំយកផលរបស់ស្រុកនោះមកវិញផង រីឯរដូវនោះ ជារដូវផ្លែទំពាំងបាយជូរជាដំបូង។
21. ដូច្នេះគេក៏ឡើងទៅសង្កេតមើលក្នុងស្រុកនោះ ចាប់តាំងពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ដែលនៅតាមផ្លូវទៅឯស្រុកហាម៉ាត
22. គេឡើងពីខាងត្បូងទៅដល់ហេប្រុន នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនអ័ណាក់ (ឯក្រុងហេប្រុននេះ បានសង់៧ឆ្នាំមុនក្រុងសូអាន ដែលនៅស្រុកអេស៊ីព្ទ)
23. រួចគេមកដល់ជ្រោះអែសកុល ហើយកាត់ផ្លែទំពាំងបាយជូរ១ចង្កោមសែងគ្នា២នាក់ ព្រមទាំងផ្លែទទឹម និងផ្លែល្វាផង
24. គេហៅទីនោះថា ជ្រោះអែសកុល ដោយព្រោះចង្កោមទំពាំងបាយជូរ ដែលពួកកូនចៅអ៊ីស្រាអែលបានកាត់នៅទីនោះ
25. រួចក្រោយមក៤០ថ្ងៃ គេក៏ត្រឡប់មកពីសង្កេតមើលស្រុកនោះវិញ។
26. គេត្រឡប់មកដល់ម៉ូសេ និងអើរ៉ុន ព្រមទាំងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា ត្រង់កាដេសក្នុងទីរហោស្ថានប៉ារ៉ាន ក៏ជូនដំណឹងដល់លោក និងពួកជំនុំទាំងអស់គ្នា ហើយបង្ហាញផលនៃស្រុកនោះផង