14. នោះព្រះយេហូវ៉ាទ្រង់ទតមើលលោក ហើយមានព្រះបន្ទូលថា ចូរឯងទៅដោយសារកំឡាំងឯងនេះ ហើយជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានចុះ អញបានចាត់ឯងឲ្យទៅហើយ
15. រួចលោកទូលទ្រង់ថា ឱព្រះអម្ចាស់អើយ ធ្វើដូចម្តេចឲ្យទូលបង្គំជួយសង្គ្រោះ ដល់សាសន៍អ៊ីស្រាអែលបាន មើល ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌានដូចជាវាយដល់មនុស្សតែម្នាក់
17. លោកទូលថា បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ នោះសូមទ្រង់សំដែងទីសំគាល់ឲ្យទូលបង្គំបានដឹងផង ថាគឺទ្រង់ហើយដែលមានព្រះបន្ទូលនឹងទូលបង្គំពិតមែន
18. សូមទ្រង់កុំថយចេញពីទីនេះឡើយ ដរាបដល់ទូលបង្គំទៅនាំយកដង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះទ្រង់សិន ទ្រង់ក៏ទទួលថា អញនឹងចាំទាល់តែឯងមកវិញ។
19. ដូច្នេះ គេឌានក៏ចូលទៅក្នុងផ្ទះ ចាត់ចែងរៀបចំកូនពពែ១ និងនំបុ័ងឥតដំបែធ្វើពីម្សៅ១ថាំង ដាក់សាច់ក្នុងកញ្ច្រែង ហើយក៏ដាក់ទឹកសំឡក្នុងចាន នាំយកមកថ្វាយទ្រង់ នៅត្រង់ដើមម៉ៃសាក់នោះ