11. នោះពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើការដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាវិញ គឺគេគោរពប្រតិបត្តិដល់អស់ទាំងរូបនៃព្រះបាល
12. គេបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ដែលទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក បែរទៅតាមព្រះដទៃ ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញគេ ព្រមទាំងក្រាបថ្វាយបង្គំដល់ព្រះទាំងនោះផង ហើយបានបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់
13. គេបានបោះបង់ចោលព្រះយេហូវ៉ា ទៅគោរពប្រតិបត្តិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ
14. ដូច្នេះ ព្រះយេហូវ៉ាក៏កើតមានសេចក្ដីខ្ញាល់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ ក៏លក់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ ដែលនៅជុំវិញដែរ ដល់ម៉្លេះបានជាគេពុំអាចនឹងទប់ទល់ នៅមុខពួកខ្មាំងសត្រូវបានឡើយ
15. នៅកន្លែងណាដែលគេចេញទៅ នោះព្រះហស្តនៃព្រះយេហូវ៉ាចេះតែទាស់នឹងគេជាដរាប ឲ្យគេបានសេចក្ដីអាក្រក់ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ ក៏ដូចជាព្រះយេហូវ៉ាបានស្បថនឹងគេដែរ ដូច្នេះ គេមានសេចក្ដីវេទនាយ៉ាងខ្លាំង។
16. ព្រះយេហូវ៉ាទ្រង់តាំងឲ្យមានពួកចៅហ្វាយ ដែលបានជួយសង្គ្រោះគេ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលបំផ្លាញគេ
17. ប៉ុន្តែ គេមិនបានស្តាប់តាមពួកចៅហ្វាយរបស់គេទេ គឺគេបានផិតទៅតាមព្រះដទៃ ព្រមទាំងក្រាបថ្វាយបង្គំផង គេរហ័សណាស់នឹងបែរចេញពីផ្លូវរបស់ពួកអយ្យកោគេ ដែលបានស្តាប់តាមបញ្ញត្តនៃព្រះយេហូវ៉ាទាំងប៉ុន្មាន ឯគេមិនបានប្រព្រឹត្តដូច្នោះទេ
18. កាលព្រះយេហូវ៉ាបានតាំងឲ្យមានចៅហ្វាយដល់គេ នោះទ្រង់ក៏គង់ជាមួយនឹងចៅហ្វាយនោះ ហើយបានជួយសង្គ្រោះគេឲ្យរួចពីកណ្តាប់ដៃនៃខ្មាំងសត្រូវ នៅគ្រប់១ជីវិតរបស់ចៅហ្វាយនោះ ពីព្រោះព្រះយេហូវ៉ាទ្រង់អាណិតអាសូរដល់ដំងូរគេជាខ្លាំង ដោយព្រោះពួកអ្នកដែលសង្កត់សង្កិន ហើយធ្វើទុក្ខដល់គេ