21. នោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ក៏ប្រគល់ស៊ីហុន និងពួកទ្រង់ទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃនៃយើង ហើយយើងក៏ប្រហារគេ គឺយ៉ាងនោះហើយ ដែលសាសន៍អ៊ីស្រាអែលចាប់យកស្រុករបស់សាសន៍អាម៉ូរី ជាពួកអ្នកដែលនៅស្រុកនោះបាន
22. គេចាប់យកបានស្រុករបស់សាសន៍អាម៉ូរីនោះ ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក ហើយពីទីរហោស្ថានទៅដល់ទន្លេយ័រដាន់
23. ឥឡូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តេញសាសន៍អាម៉ូរី ពីមុខពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ចេញហើយ ដូច្នេះ តើត្រូវការអ្វី ឲ្យទ្រង់មកយកស្រុកនេះធ្វើអី
24. ឯស្រុកដែលព្រះកេម៉ូស ជាព្រះនៃទ្រង់ បានប្រទានឲ្យ នោះតើមិនយកជារបស់ផងទ្រង់ទេឬអី ដូច្នេះពួកណាដែលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់បណ្តេញពីមុខយើងខ្ញុំទៅ នោះស្រុករបស់គេត្រូវបានជារបស់ផងយើងខ្ញុំវិញដូច្នោះដែរ
25. ចុះតើទ្រង់វិសេសជាងបាឡាក ជាកូនស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ឬអី តើស្តេចនោះមិនបានតយុទ្ធនឹងសាសន៍អ៊ីស្រាអែលដែរទេឬអី តើមិនបានច្បាំងនឹងគេទេឬ
26. ក្នុងរវាង៣០០ឆ្នាំនេះ ដែលសាសន៍អ៊ីស្រាអែលនៅក្រុងហែសបូន និងតំបន់នៅជុំវិញ នៅក្រុងអារ៉ូអ៊ើរ និងតំបន់នៅជុំវិញ ហើយនៅទីក្រុងទាំងប៉ុន្មានដែលនៅក្បែរមាត់ស្ទឹងអើណូន នោះហេតុអ្វីបានជាទ្រង់មិនបានចាប់យកស្រុកពីគេមក ក្នុងគ្រានោះទៅ
27. ដូច្នេះ ខ្ញុំមិនបានធ្វើបាបនឹងទ្រង់ទេ គឺទ្រង់ទេតើដែលធ្វើខុសនឹងខ្ញុំវិញ ដោយមកច្បាំងនឹងខ្ញុំដូច្នេះ ព្រះយេហូវ៉ាដ៏ជាចៅក្រម ទ្រង់នឹងជំនុំជំរះរឿងរបស់ពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅអាំម៉ូននៅថ្ងៃនេះឯង
28. ប៉ុន្តែ ស្តេចពួកកូនចៅអាំម៉ូនមិនព្រមស្តាប់ពាក្យ ដែលយែបថាបានចាត់សារឲ្យមកទូលទ្រង់នោះទេ។
29. ខណៈនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់ក៏មកសណ្ឋិតលើយែបថា រួចលោកដើរកាត់ស្រុកកាឡាត និងស្រុកម៉ាន៉ាសេ ទៅតាមមីសប៉ា-កាឡាត ហើយពីទីនោះក៏ដំរង់ទៅឯពួកកូនចៅអាំម៉ូន
30. យែបថាក៏បន់ព្រះយេហូវ៉ា ដោយពាក្យថា បើសិនជាទ្រង់ប្រគល់ពួកកូនចៅអាំម៉ូន មកក្នុងកណ្តាប់ដៃនៃទូលបង្គំពិត
31. នោះអ្វីៗណាដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ ក្នុងគ្រាដែលទូលបង្គំត្រឡប់ពីពួកកូនចៅអាំម៉ូនមកវិញ ដោយសុខសាន្ត នោះនឹងបានជារបស់ផងព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាដង្វាយដុត
32. ដូច្នេះ យែបថាក៏ទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃរបស់លោក
33. លោកប្រហារជីវិតគេយ៉ាងសំបើម ចាប់តាំងពីក្រុងអារ៉ូអ៊ើរ មកដល់ក្រុងមីនីត ទាំងអស់បានទីក្រុង២០ ហើយរហូតដល់អេបិល-កេរ៉ាមីមថែមទៀត ពួកកូនចៅអាំម៉ូនក៏ត្រូវក្រាបចុះ នៅមុខពួកកូនចៅអ៊ីស្រាអែល។
34. រួចយែបថា លោកត្រឡប់មកដល់ផ្ទះ នៅត្រង់មីសប៉ាវិញ នោះមើល ខណៈនោះកូនស្រីរបស់លោកក៏ចេញមកទទួល ទាំងបន្ទរក្រាប់បណ្តើរ ហើយលោតកញ្ឆេងផង នាងនោះជាកូនតែ១របស់លោក ក្រៅពីនាង នោះគ្មានកូនប្រុស ឬកូនស្រីណាទៀតឡើយ
35. កាលលោកក្រឡកទៅឃើញនាង នោះក៏ហែកអាវដោយពាក្យថា វរហើយ កូនអើយ ឯងបានធ្វើឲ្យអញមានចិត្តក្រាបចុះជាខ្លាំងណាស់ ឯងជាអ្នកនៅក្នុងពួកដែលនាំឲ្យអញលំបាកចិត្ត ដ្បិតអញបានមានវាចានឹងព្រះយេហូវ៉ាហើយ នឹងថយមកក្រោយវិញពុំបានឡើយ
36. នាងឆ្លើយទៅឪពុកថា លោកឪពុកអើយ បើលោកបានមានវាចានឹងព្រះយេហូវ៉ាហើយ នោះសូមធ្វើដល់ខ្ញុំតាមវាចា ដែលចេញពីមាត់នោះចុះ ដោយព្រោះព្រះយេហូវ៉ា ទ្រង់បានសងសឹកនឹងពួកកូនចៅអាំម៉ូនជាខ្មាំងសត្រូវ ជំនួសលោកឪពុកហើយ
37. រួចនាងក៏សូមដល់ឪពុកថា សូមបើកឲ្យខ្ញុំធ្វើដូច្នេះ គឺទុកខ្ញុំឲ្យនៅក្នុងរវាង២ខែសិន ដើម្បីឲ្យខ្ញុំបានទៅនៅលើភ្នំ ហើយយំស្តាយភាពជាក្រមុំរបស់ខ្ញុំ ជាមួយនឹងពួកស្ត្រី ជាមិត្រសំឡាញ់ខ្ញុំ
38. នោះឪពុកក៏ឆ្លើយថា ទៅចុះ ហើយលោកបើកឱកាសឲ្យនាងទៅនៅអស់២ខែ ដូច្នេះ នាងក៏ចេញទៅជាមួយនឹងពួកមិត្រសំឡាញ់ទៅ ហើយយំស្តាយដល់ភាពជាក្រមុំរបស់នាងលើភ្នំ