16. គឺកាលគេឡើងពីស្រុកអេស៊ីព្ទមក នោះសាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថាន រហូតដល់សមុទ្រក្រហម ហើយក៏ទៅដល់កាដេស
17. រួចចាត់សារឲ្យទៅឯស្តេចស្រុកអេដំម ទូលថា សូមបើកឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង តែស្តេចស្រុកនោះមិនយល់ព្រមតាមសោះ គេក៏ចាត់សារឲ្យទៅឯស្តេចម៉ូអាប់ ទូលដូច្នោះដែរ តែទ្រង់ក៏មិនយល់ព្រមទៀត បានជាសាសន៍អ៊ីស្រាអែលបង្អង់នៅក្នុងស្រុកកាដេសនោះ
18. រួចគេដើរតាមទីរហោស្ថានវាងព័ទ្ធស្រុកអេដំម និងស្រុកម៉ូអាប់ តាមខាងកើតស្រុកម៉ូអាប់វិញ ហើយដំឡើងត្រសាលនៅខាងនាយស្ទឹងអើណូន តែមេគេមិនបានចូលទៅក្នុងព្រំស្រុកម៉ូអាប់សោះ ដ្បិតស្ទឹងអើណូននោះ ជាព្រំខណ្ឌនៃស្រុកម៉ូអាប់
19. នៅទីនោះសាសន៍អ៊ីស្រាអែលក៏ចាត់សារ ឲ្យទៅឯស៊ីហុន ជាស្តេចសាសន៍អាម៉ូរី គឺជាស្តេចក្រុងហែសបូន ដោយពាក្យថា សូមឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ ទៅឯកន្លែងរបស់យើងខ្ញុំផង
20. តែស្តេចទ្រង់មិនទុកចិត្តចំពោះសាសន៍អ៊ីស្រាអែល នឹងឲ្យគេដើរកាត់ព្រំស្រុករបស់ទ្រង់ទេ ក៏ប្រមូលពួកទ្រង់ទាំងអស់ ទៅបោះទ័ពនៅត្រង់យ៉ាហាស់ ច្បាំងនឹងសាសន៍អ៊ីស្រាអែលយើង