1. កាលណាឯងបានចូលទៅ ចាប់យកស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមក ទុកជាមរដក រួចបានតាំងទីលំនៅជាស្រេចហើយ
2. នោះត្រូវឲ្យយកផលដំបូងគ្រប់មុខកើតពីដី ដែលឯងនឹងប្រមូលមកពីស្រែចំការ ជាផលដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ រួចដាក់ចុះក្នុងបញ្ជីនាំយកទៅឯកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង និងរើសសំរាប់តាំងព្រះនាមទ្រង់
3. ហើយត្រូវទៅជំរាបសង្ឃ ដែលមាននៅគ្រានោះថា នៅថ្ងៃនេះខ្ញុំសូមទូលដល់ព្រះយេហូវ៉ា ជាព្រះនៃលោកថា ខ្ញុំបានមកដល់ស្រុក ដែលព្រះយេហូវ៉ាទ្រង់បានស្បថនឹងពួកអយ្យកោថា នឹងឲ្យមកយើងខ្ញុំហើយ
4. នោះត្រូវឲ្យសង្ឃយកកញ្ជើពីដៃឯង ទៅដាក់នៅមុខអាសនាផងព្រះយេហូវ៉ា ជាព្រះនៃឯង
5. រួចត្រូវថ្លែងប្រាប់ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯងថា អយ្យកោទូលបង្គំលោកជាសាសន៍អើរ៉ាម ដែលដើរសាត់ព្រាត់ លោកបានចុះទៅតាំងទីលំនៅក្នុងស្រុកអេស៊ីព្ទ មានគ្នាតែបន្តិចទេ ហើយនៅស្រុកនោះបានត្រឡប់ជាសាសន៍១យ៉ាងធំ ហើយខ្លាំងពូកែ មានគ្នាជាច្រើនវិញ
6. ពួកសាសន៍អេស៊ីព្ទបានប្រព្រឹត្តអាក្រក់ដល់យើងខ្ញុំ ព្រមទាំងធ្វើទុក្ខ ហើយដាក់បន្ទុក ឲ្យធ្វើការមានទំងន់ណាស់ផង
7. នោះយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោយើងខ្ញុំ ហើយទ្រង់បានឮសំរែកយើងខ្ញុំ ក៏ឃើញសេចក្ដីទុក្ខលំបាក និងការនឿយហត់របស់យើងខ្ញុំ ព្រមទាំងការដែលគេសង្កត់សង្កិនដល់យើងខ្ញុំផង
8. នោះទ្រង់ក៏នាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តា និងព្រះពាហុលើកសំរេច ព្រមទាំងធ្វើការគួរស្ញែងខ្លាចដ៏ធំ និងទីសំគាល់ហើយនឹងការអស្ចារ្យផង
9. ទ្រង់ក៏បាននាំយើងខ្ញុំចូលមកដល់ទីនេះ ហើយបានប្រទានស្រុកនេះ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរដល់យើងខ្ញុំរាល់គ្នា
10. ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ មើល ទូលបង្គំបាននាំយកផលដំបូងកើតពីដី ដែលទ្រង់បានប្រទានដល់ទូលបង្គំមកហើយ នោះត្រូវឲ្យឯងដាក់របស់ទាំងនោះ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង រួចក្រាបថ្វាយបង្គំដល់ទ្រង់
11. ហើយត្រូវរីករាយចំពោះគ្រប់ទាំងរបស់ល្អ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកចុះ ព្រមទាំងពួកគ្រួឯង និងពួកលេវី ហើយនឹងពួកអ្នកដែលស្នាក់នៅជាមួយនឹងឯងផង។
12. កាលណាឯងបានថ្វាយ១ភាគក្នុង១០ ពីផលរបស់ឯងទាំងប៉ុន្មាន នៅឆ្នាំទី៣ គឺជាឆ្នាំដែលត្រូវថ្វាយ១ភាគក្នុង១០នោះរួចហើយ នោះត្រូវចែកឲ្យដល់ពួកលេវី និងពួកអ្នកដែលស្នាក់នៅ ព្រមទាំងពួកកូនកំព្រា ហើយនឹងពួកស្រីមេម៉ាយផង ដើម្បីឲ្យអ្នកទាំងនោះបានបរិភោគចំអែតគ្រប់គ្រាន់ នៅក្នុងទីក្រុងឯងដែរ