20. កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានវាតព្រំស្រុកឯងឲ្យធំឡើង ដូចជាទ្រង់បានសន្យា ហើយឯងនឹកក្នុងចិត្ត ដោយមានសេចក្ដីប្រាថ្នាចង់បរិភោគសាច់ថា អញចង់ស៊ីសាច់ណាស់ នោះនឹងបរិភោគបានតាមបំណងចិត្ត
21. បើសិនជាកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់រើសសំរាប់នឹងតាំងព្រះនាមទ្រង់ នៅឆ្ងាយពីឯងពេកនោះនឹងសំឡាប់គោឬចៀម ដែលព្រះយេហូវ៉ាបានប្រទានមកឯងបាន ដូចជាអញបានបង្គាប់ហើយ ក៏មានច្បាប់នឹងបរិភោគនៅក្នុងទីក្រុងឯងបានតាមចិត្តដែរ
22. ឯងមានច្បាប់នឹងបរិភោគសាច់សត្វទាំងនោះបាន ដូចជាបរិភោគឈ្លូស និងប្រើសផង ទោះទាំងអ្នកមិនស្អាត និងអ្នកស្អាតក្តី ក៏នឹងបរិភោគបានដូចគ្នា
23. ចូរប្រយ័ត្ន កុំឲ្យតែបរិភោគឈាមប៉ុណ្ណោះ ដ្បិតឈាមជាជីវិត ហើយមិនត្រូវឲ្យបរិភោគជីវិតជាមួយនឹងសាច់ឡើយ
24. មិនត្រូវឲ្យបរិភោគឈាមឲ្យសោះ ត្រូវចាក់ចោលទៅដីដូចជាទឹកវិញ